(ភ្នំពេញ)៖ កីឡាករ អ៊ន ចាន់ប៉ូលីន ប្រធានក្រុមក្លិបបាល់ទាត់ភ្នំពេញក្រោន បានចាត់ទុកការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា ប្រៀបដូចការចាប់ផ្ដើមរដូវកាលថ្មី ដែលធ្វើឲ្យកីឡាករម្នាក់ៗ ទន្ទឹងរង់ចាំថ្ងៃប្រកួត និងចង់ប្រកួតកាន់តែខ្លាំង បន្ទាប់ពីសម្រាកជាច្រើនខែ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19)។

ខ្សែការពារវ័យ ២២ឆ្នាំខាងលើបានសម្ដែងការសប្បាយចិត្ត ក្រោយវិលចូលទីលានវិញ និងបានហ្វឹកហាត់ជុំគ្នា បន្ទាប់ពីមានអារម្មណ៍ធុញថប់ជាង ២ខែ អំឡុងពេលហ្វឹកហាត់រៀងៗខ្លួននៅផ្ទះ។ យ៉ាងណាមិញ អ៊ន ចាន់ប៉ូលីន មិនបារម្ភពីការធ្លាក់ទម្រង់លេងឡើយ ដោយខ្លួនជឿជាក់ភ្នំពេញក្រោន នឹងបន្ដធ្វើបានល្អ ដូចកាលពីដើមរដូវកាលដែរ។

ប៉ូលីន និយាយថា «ការចាប់ផ្ដើមរបស់យើងល្អ បន្ទាប់មកមានបញ្ហាកូវីដ បង្ខំឲ្យពួកយើងត្រូវសម្រាក ប៉ុន្ដែវាមិនមែនជាបញ្ហាចោទ ដែលធ្វើឲ្យក្រុមយើងធ្លាក់ទម្រង់ទេ ព្រោះលោកគ្រូបានដាក់លំហាត់ឲ្យយើងហ្វឹកហាត់ផ្ទាល់ អំឡុងពេលហាត់នៅផ្ទះ អញ្ចឹងពេលត្រឡប់មកវិញ ពេលលោកគ្រូបង្ហាញបច្ចេកទេសបន្ដិចបន្ទួចមក ក្រុមក៏ល្អប្រសើរឡើងវិញ»

«និយាយរួមទៅ ដូចការចាប់ផ្ដើមបើកលីគថ្មីអញ្ចឹង តែអ្វីដែលសំខាន់ យើងត្រូវការឈ្នះការប្រកួតដំបូងជាមួយវិសាខា ដើម្បីរក្សាតំណែងនៅកំពូលតារាង។ មិត្តរួមក្រុមមានការតាំងចិត្តខ្ពស់ ព្រោះម្នាក់ៗខំប្រឹងហាត់ ក្រោយត្រឡប់ចូលទីលានវិញ ពោលគឺកីឡាករម្នាក់ៗ មានអារម្មណ៍ចង់លេងខ្លាំងជាងមុន» ។ នេះបើតាមការបន្ថែមរបស់កីឡាករ មានដើមកំណើតនៅភ្នំពេញខាងលើ។

គួរដឹងថា មុនលីគសម្រាកភ្នំពេញក្រោន បានឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត​ ឈ្នះ៤ និងស្មើ១ ដោយមាន ១៣ពិន្ទុស្មើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង។ ចំពោះការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯករងឆ្នាំចាស់ វិសាខា នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋាន RSN៕