(ប្រ៊ុចសែល)៖ ក្រុមបាល់ទាត់ជម្រើសជាតិបិសាចក្រហម ប៊ែលហ្ស៊ិក បន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក World Ranking របស់ FIFA ប្រចាំខែមិថុនា ឆ្នាំ២០២០ នេះ គ្រាដែលមាន់គកបារាំង ឈរនៅលេខ២ និងក្រុមបាល់ទាត់គោព្រៃកម្ពុជា ឈរនៅលេខរៀងទី១៧៣។ នេះបើយោងតាមគេហទំព័រ All Football។

តារាងចំណាត់ថ្នាក់នេះ ត្រូវបានសហព័ន្ធអន្តរជាតិ FIFA ធ្វើការ Update ជារៀងរាល់ខែ បើទោះបីជាក្នុងរយៈពេល ៣ខែមកនេះ ពុំមានការប្រកួតណាមួយកើតឡើងក៏ដោយ ដោយសារតែវិបត្តិជំងឹ Covid-19 រាតត្បាតពេញសកលោក។

ក្នុងនោះដែរ ប៊ែលហ្ស៊ិក ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ ពីព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី បន្តឈរនៅកំពូលតារាងចំណាត់ថ្នាក់ពិភពលោកដដែល គ្រាដែលក្រុមឈ្នះជើងឯកបារាំង បានត្រឹមឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ២០៨ប្រទេសដែលជាសមាជិករបស់ FIFA។

តែបើក្រឡេកមកមើលតារាងចំណាត់ថ្នាក់ទាំង១០ក្រុមជម្រើសជាតិវិញ ឃើញថា មានតែ២តំបន់ប៉ុណ្ណោះ ដោយក្នុងនោះក្រុមនៅអឺរ៉ុបមានដល់ទៅ ៦ក្រុម និងក្រុមមកពីអាមេរិកឡាទីន មាន៤ក្រុមដូចជា ប្រេស៊ីល អ៊ុយរ៉ាហ្គាយ អាហ្សង់ទីន និងកូឡុំប៊ី ស្របពេលដែលសាម៉ូរៃជប៉ុននៅតែជាខ្លាកំណាចប្រចាំទ្វីបអាស៊ី ដោយមានអ៉ីរ៉ង់ លេខ២ និងកូរ៉េខាងត្បូង ធ្លាក់មកឈរនៅលេខ៣ បើប្រៀបធៀបតែក្រុមនៅក្នុងទ្វីបអាស៊ី ដែលមាន ៤៥ប្រទេសនោះ៕