(ញូយ៉ក)៖ ទីបំផុតរយៈពេល៧ឆ្នាំក្រោយវត្តមានម៉ាស៉ីនហ្គេម PS4 ក្រុមហ៊ុន Sony បានបង្ហាញខ្លួនម៉ាស៉ីនហ្គេម Playstation ជំនាន់ថ្មីខ្លួនគឺ «PS5» ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

រូបរាងរបស់ PS5 មើលទៅប្រៀបដូចជាម៉ាស៉ីនហ្គេមដែលមនុស្សភាគច្រើនធ្លាប់តែសម្រើសម្រៃនាពេលកន្លងមក ដោយតួខ្លួនស្នូលរបស់វា​​មានពណ៌ខ្មៅ អមដោយគែមពណ៌នៅសងខាង ហើយមានការបញ្ចេញពន្លឺពណ៌ខៀវ ខណៈម៉ាស៉ីន Playstation ជំនាន់មុនៗ គឺមានពណ៌ស​សុទ្ធឬក៏ខ្មៅសុទ្ធ។

ក្នុងវីដេអូបង្ហាញខ្លួនម៉ាស៉ីន PS5 ជាផ្លូវការ ក្រុមហ៊ុន Sony បានបញ្ចេញ PS5 ២ប្រភេទ គឺមួយជាប្រភេទធម្មតា និងមួយទៀតជាប្រភេទ​ «Digital Edition» ដែលពុំមានកន្លែងស៊កបន្ទះឌីសហ្គេមឡើយ ហើយរូបរាងប្រភេទ Digital Edition គឺមើលទៅមានលក្ខណៈស្មើតែម្តង ព្រោះតែគ្មានកន្លែងស៊កបន្ទះឌីស។ Sony ក៏បានបង្ហាញឧបករណ៍បន្ទាប់បន្សំសម្រាប់ម៉ាស៉ីនហ្គេមជំនាន់ថ្មីរបស់ខ្លួនផងដែរ រួមមានកាសស្តាប់ត្រចៀក និងកាមេរ៉ាជាដើម។ យ៉ាងណា​មិញ នៅមិនទាន់មានការបញ្ចេញតម្លៃរបស់វាដដែល ប៉ុន្តែ PS5 នឹងត្រូវដាក់លក់ក្នុងទីផ្សារនៅមុនដំណាច់ឆ្នាំ២០២០នេះ ដំណាលគ្នានឹង​​​ម៉ាស៉ីនហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft គឺ Xbox Series X។

គួរជម្រាបថា ក្រុមហ៊ុន Sony ក៏បានបង្ហាញនូវវីដេអូហ្គេមជាច្រើនសម្រាប់ PS5 ផងដែរ ដោយក្នុងនោះមានមួយចំនួនជាហ្គេមផ្តាច់មុខរបស់​ម៉ាស៉ីនជំនាន់ថ្មីនេះតែម្តង រួមមាន Demon's Souls Remake, Horizon Zero Dawn 2: Forbidden West, និង Marvel's Spider-Man: Miles Morales ជាដើម៕