(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នៅតែមានសុទិដ្ឋិនិយម លើក្រុមបាល់ទាត់នារី ក្នុងការប្រជែងមេដាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលសហព័ន្ធ កំពុងរៀបចំផែនការបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

ថ្លែងក្នុងមហាសន្និបាតកាលពីថ្មីៗ ប្រមុខបាល់ទាត់កម្ពុជាខាងលើបានគូសបញ្ជាក់ថា «ជាការពិតណាស់ បើយើងសម្លឹងទៅមើលសក្ដានុពលផ្នែកបាល់ទាត់នារី គឺយើងមិនមែនចេះតែនិយាយទេ ព្រោះមានប្រទេសជាច្រើនក្នុងអាស៊ីអាគ្នេយ៍ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម បាល់ទាត់នារី ក៏មិនសូវជាខ្លាំងប៉ុន្មានដែរ។ ម្យ៉ាងពេលវេលារបស់យើង អាចគ្រប់គ្រាន់ បើសិនយើងមានការតាំងចិត្ត និងមានធនធានហិរញ្ញវត្ថុ គឺយើងអាចធ្វើបាន ដូចអ្វីដែលយើងបានរំពឹងទុក»

ការបង្ហាញនូវសុទិដ្ឋិនិយមនេះ ស្របពេលសហព័ន្ធ មានការជឿជាក់លើគម្រោងដ៏ធំរបស់ខ្លួន គឺការបង្កើតសាលាតម្រង់ទិសបាល់ទាត់ ២៥រាជធានី-ខេត្ត ដែលមិនត្រឹមតែជាកន្លែងបំផុសការលេងកីឡា និងជ្រើសរើសកីឡាករនោះទេ តែក៏ជាប្រភពក្នុងការសម្រាំងរកធនធានកីឡាការិនីមានសមត្ថភាព និងទេពកោសល្យ បន្ថែមលើក្លិបចំនួន២ ពីក្លិបភ្នំពេញក្រោន និងក្លិបបឹងកេត ដែលបង្កើតឲ្យមានក្រុមបាល់ទាត់នារី នាពេលបច្ចុប្បន្នផងដែរ។

លោកបន្ដថា «យើងនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតការបំផុសឲ្យលេង និងជ្រើសរើសកីឡាការិនី សម្រាប់ភាគីមិត្ត ពិសេសប្រទេសចិន ដែលទទូចហើយទទូចទៀត ឲ្យយើងបានបញ្ជូនក្រុមកីឡាការិនី ទៅទទួលការបណ្ដុះបណ្ដាលនៅចិន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។ អញ្ចឹងទេ សហព័ន្ធ នៅក្នុងផែនការរបស់ខ្លួន ក៏បានដាក់ចេញផែនការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារី ដើម្បីជ្រើសរើសកីឡាការិនី ដែលមានសក្ដានុពល បញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ»

ពាក់ព័ន្ធគម្រោងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទៅហាត់នៅចិន អាចនឹងអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែក្រៅពីក្រុមបាល់ទាត់នារី កម្ពុជាក៏កំពុងរៀបចំអត្តពលិកជាង ១០ប្រភេទកីឡាឡេីងទៅ ដើម្បីបញ្ជូនទៅហាត់នៅចិនដែរ៕