(បរទេស)៖ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៤ កងកម្លាំងសម្ព័ន្ធមិត្ត (The Allies) បានបើកយុទ្ធនាការឈ្លានពានដ៏ធំមហាសាលមួយចេញពីចក្រភពអង់គ្លេសទៅលើបណ្តោយឆ្នេរតំបន់ Normandy នៃប្រទេសបារាំង ដែលកាលនោះបារាំងស្ថិតក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់។ យុទ្ធនាការឈ្លានពាននោះ ជារឿយៗត្រូវគេស្គាល់ថាជាថ្ងៃ «D-Day» ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលដឹងអត្ថន័យពិតនៃពាក្យមួយនេះ ឬមួយក៏ដឹងថាអក្សរ «D» ក្នុងពាក្យនោះ តំណាងឲ្យអ្វី។
មានមតិជាច្រើនអះអាងថាអក្សរ «D» នោះ គឺគ្រាន់ជាអក្សរកាត់ជាន់គ្នាតំណាងឲ្យពាក្យ «Day (ថ្ងៃ)» ដែរតែប៉ុណ្ណោះ ប៉ុន្តែមតិដទៃៗទៀតបានលើកឡើងនូវអត្ថន័យផ្សេងៗ ដូចជា «Departure (ការចេញដំណើរ)», «Decision (ការសម្រេចចិត្ត)», និង «Doomsday (ថ្ងៃចុងក្រោយនៃពិភពលោក)» ជាដើម។
យ៉ាងណាក្តី បើយោងតាមយោធាសហរដ្ឋអាមេរិក «D-Day» គឺជាពាក្យសម្គាល់របស់យោធា ប្រើសម្រាប់បង្ហាញពីថ្ងៃចាប់ផ្តើមប្រតិបត្តិការណាមួយ។ ក្នុងករណីនេះអក្សរ «D» ក្នុងពាក្យ «D-Day» តាមពិតទៅមិនមានអត្ថន័យអ្វីទាំងអស់។ យោធាអាមេរិកប្រើពាក្យមួយទៀតគឺ «H-Hour» ដើម្បីសំដៅលើពេលវេលាដែលប្រតិបត្តិការត្រូវចាប់ផ្តើមនៅថ្ងៃ «D-Day»។
ការធ្វើបែបនេះគឺជួយមិនឲ្យកាលបរិច្ឆេទពិតប្រាកដនៃប្រតិបត្តិការ ធ្លាក់ទៅក្នុងដៃអ្នកស៉ើបការណ៍របស់សត្រូវ ហើយវាក៏ល្អសម្រាប់នៅពេលដែលកាលបរិច្ឆេទពិតប្រាកដ នៅមិនទាន់ត្រូវកំណត់ថែមទៀតផង។ ក្រុមអ្នករៀបគម្រោងយោធា ក៏ប្រើប្រាស់សញ្ញាបូក-ដកជាមួយលេខ សម្រាប់សម្គាល់ម៉ោងឬថ្ងៃ ដែលកើតឡើងមុនឬក្រោយ D-Day និង H-Hour ដែរ។
ឧទាហរណ៍៖ «D+2» មានន័យថា២ថ្ងៃក្រោយ D-Day ខណៈ H-1 សំដៅលើ១ម៉ោងមុន H-Hour។ ពាក្យសម្គាល់ទាំងនេះ អនុញ្ញាតឲ្យកងទ័ពរៀបចំខ្លួនប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រតិបត្តិការរបស់ពួកគេ បើទោះបីពួកគេមិនទាន់ដឹងពីពេលចាប់ផ្តើមពិតប្រាកដនៃប្រតិបត្តិការក៏ដោយ ហើយពាក្យទាំងនេះក៏ផ្តល់នូវភាពបត់បែន ក្នុងករណីដែលថ្ងៃចាប់ផ្តើមប្រតិបត្តិការត្រូវផ្លាស់ប្តូរវិញផងដែរ។
គួរជម្រាបថា ប្រវត្តិប្រើប្រាស់ពាក្យទាំងអស់នេះ មិនមែនទើបតែក្នុងសង្រ្គាមលោកលើកទី២ទេ គឺតាំងតែពីសម័យសង្រ្គាមលោកលើកទី១ មកម្ល៉េះ។ ខណៈយោធាអាមេរិកប្រើពាក្យ H-Hour និង D-Day សម្រាប់ប្រតិបត្តិការរបស់ពួកគេ ប្រទេសដទៃទៀត គឺមានពាក្យផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងសង្រ្គាមលោកលើកទី១ បារាំងបានប្រើប្រាស់ពាក្យ «le Jour J» ដែលស្មើនឹង «D-Day» របស់អាមេរិក ខណៈអង់គ្លេសប្រើពាក្យ «Z-Day» និង «Zero Hour»។
ជិតមួយឆ្នាំក្រោយប្រតិបត្តិការឈ្លានពានឆ្នេរតំបន់ Normandy គឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៤៥ ក្រុមសម្ព័ន្ធមិត្ត The Allies បានទទួលយកការចុះចាញ់ដោយឥតលក្ខខណ្ឌរបស់អាល្លឺម៉ង់ជាផ្លូវការ នាំទៅរកការបិទបញ្ចប់សង្រ្គាមលោកលើកទីពីរលើទ្វីបអឺរ៉ុប៕