(ភ្នំពេញ)៖ លោក អ៉ិច ចន្ថា ជាអ្នកនិពន្ធបទចម្រៀង «កណ្តៀវអូនស្រួយ» ដែលរងការរិះគន់យ៉ាងចាស់ដៃពីមហាជន និងត្រូវបានក្រសួងវប្បធម៌ ហៅទៅធ្វើកិច្ចសន្យានៅពេលថ្មីៗនេះ ហាក់នៅមិនទាន់អស់ចិត្ត ព្រោះលោកសង្កេតឃើញថា ក្រៅពីចម្រៀងប៉ុន្មានបទរបស់ខ្លួន ត្រូវបានលុបចោលពីយូធូបផ្លូវការ គឺនៅមានចម្រៀងជាច្រើនបទទៀត ដែលប្រើប្រាស់ពាក្យអសុរស ពាក្យចំអេសចំអាស បង្កប់ន័យអាសអាភាស មិនទាន់ឃើញក្រសួងវប្បធម៌ចាត់វិធានការ។ លោក អ៉ិច ចន្ថា បានស្នើ យ៉ាងទទូច សុំឲ្យក្រសួងធ្វើការលើរឿងនេះ ដើម្បីទទួលបានភាពស្មើ គ្នា ក្នុងនាមជាអ្នកនិពន្ធចម្រៀង បម្រើក្នុងវិស័យសិល្បៈដូចគ្នា។

ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា លោក អ៉ិច ចន្ថា ត្រូវបានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅមកប្រជុំជាបន្ទាន់ និងធ្វើការព្រមាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីនិពន្ធចម្រៀងប្រើប្រាស់ពាក្យអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គមធ្ងន់ធ្ងរ មានចំណងជើងថា «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ»។

បន្ទាប់ពីធ្វើកិច្ចសន្យា និងទទួលស្គាល់កំហុសរបស់ខ្លួន រហូតមកទល់នឹងពេលនេះ ម្ចាស់ស្នាដៃបទ «កណ្តៀវអូនស្រួយ» បានសម្តែងក្ដីកើតទុក្ខមិនសុខចិត្ត ដេកមិនលក់បក់មិនល្ហើយទាមទារភាពស្មើគ្នា ដោយស្នើឲ្យក្រសួងមានវិធានការចំពោះចម្រៀងផ្សេងៗដទៃទៀត ដែលប្រើពាក្យអសុរសឲ្យដូចក្រសួងដែលមានវិធានការមកលើខ្លួន។

លោក អ៉ិច ចន្ថា បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃនេះថា «លោកមិនមានពាក្យអ្វីធំដុំ ចង់និយាយនៅពេលនេះទេ គឺលោកគ្រាន់ទាមទារឲ្យមានភាព ស្មើ គ្នា ព្រោះសង្កេតឃើញថា នៅមានចម្រៀងជាច្រើនទៀត ដែលប្រើប្រាស់ពាក្យអសុរស ហើយមិនឃើញក្រសួងចាត់វិធានការឲ្យបានទាន់ហេតុការណ៍ ដូចរូបខ្ញុំ ខណៈបទមួយចំនួន ដែលប្រើពាក្យមិនល្អនោះ គឺបានបង្ហោះលើបណ្តាញសង្គម យ៉ាងព្រោងព្រាត អស់រយៈពេល ៦ទៅ៧ខែមកហើយ»

លោក អ៉ិច ចន្ថា បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់ក្រសួងមកលើខ្លួន និងការរិះគន់របស់មហាជន ព្រោះក្នុងន័យស្ថាបនា និងកែតម្រូវឲ្យរូបលោក ងាកមកនិពន្ធបទក្នុងអត្ថន័យល្អៗវិញ។ «ខ្ញុំសប្បាយចិត្ត ហើយខ្ញុំគ្រាំទ្ររាល់ទង្វើដែលក្រសួងបានយល់ឃើញ ហើយធ្វើចំពោះខ្ញុំ។ ខ្ញុំព្រមសហការជាមួយគាត់ទាំងអស់ ដូចថាខ្ញុំធ្វើទៅខុស វាមិនសមមែន ដោយសារធ្វើដំបូងមិននឹកស្មានថា វាផ្ទុះវាល្បីអីដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំក៏អត់តបតអ្វីទៅបងប្អូនប្រជាជនយើង ដែលជេរប្រមាថខ្ញុំមួយម៉ាត់ដែរ ដោយសារគេរិះគន់ គឺត្រឹមត្រូវ...»។ លោក អ៉ិច ចន្ថា បញ្ជាក់បន្ថែម។

គួរជម្រាបថា កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក អ៉ិច ចន្ថា បានចែករំលែកចម្រៀងមួយបទ ដែលប្រើប្រាស់ពាក្យអសុរស និងស្នើ ឲ្យក្រសួងចាត់វិធានការ ខណៈបទនោះ គឺមានចំណងជើងថា «Hot Boy» ច្រៀងដោយ លោក វ៉ាន់ដា និងមានប្រើពាក្យអសុរស «កណ្តួយតា ម៉ែវា...»។ លោកថា ក្រៅពីចម្រៀងទាំងនេះ គឺនៅមានចម្រៀងជាច្រើនបទទៀត កំពុងបន្តមានវត្តមានលើបណ្តាញសង្គមនៅឡើយ ហើយលោកសង្ឃឹមថា ក្រសួងនឹងចាត់ចែងលើបញ្ហានេះ ដើម្បីឲ្យមានភាពស្មើ គ្នា និងប្រសិទ្ធភាពខ្ពស់៕