(សេវីឡា)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៃប្រទេសអេស្ប៉ាញបានត្រឡប់មកវិញហើយនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងគូបើកឆាក ក្រុមម្ចាស់ផ្ទះ Sevilla បានបំបាក់គូប្រជែង Real Betis ២-០ ក្នុងកម្មវិធី LaLiga នៃសប្តាហ៍ទី២៨ ជើងទី២ ពីក្នុងជំនួប Derby ដែលស្ថិតក្នុងទីក្រុងសេវីឡាតែមួយ។

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lucas Ocampos ជាអ្នករកបានគ្រាប់ទី១ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ នៅនាទីទី៥៦ មុនពេលមិត្តរួមក្រុម Fernando រកបានគ្រាប់ទី២ នៅនាទីទី៦២ ដើម្បីទទួលបាន ៣ពិន្ទុដោយស្រួលក្នុងដី ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុ LaLiga បណ្តោះអាសន្នវិញជាមួយនឹង ៥០ពិន្ទុ ស្របពេល Real Betis មាន ៣៣ពិន្ទុបន្តឈរនៅលេខរៀងទី១២ ដដែល។

នេះជាការធ្វើបានយ៉ាងល្អនៃសប្តាហ៍ទី១ ក្រោយការវិលត្រឡប់មកវិញក្នុងលីគកំពូលអេស្ប៉ាញ LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយសម្រាកជិត ៣ខែមកនេះ ដោយសារវិបត្តិជំងឺផ្លូវដង្ហើម Covid-19 រាតត្បាតពេញពិភពលោក៕