(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានជូនដំណឹងពីការផ្លាស់ប្តូរកីឡាករក្នុងឆ្នាំនេះ នៅបន្តប្រព្រឹត្តទៅជាធម្មតា ពោលគឺនៅចន្លោះខែកក្កដា និងខែសីហាខាងមុខនេះ បើទោះបីជាលីគនៃប្រទេសមួយចំនួន ពុំទាន់បញ្ចប់រដូវកាលនេះក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា «សហព័ន្ធទាំងឡាយគួរតែគោរពតាមកាលវិភាគប្រចាំឆ្នាំក្នុងការទិញ-ដូរកីឡាករ គឺបន្តធ្វើឡើងជាធម្មតាសម្រាប់រដូវកាលបន្ទាប់ឆ្នាំ២០២០-២០២១ បើទោះបីជាការប្រកួតក្នុងរដូវកាលចាស់ ឆ្នាំ២០១៩-២០២០ នៅបន្តប្រកួតក៏ដោយ»

FIFA ក៏បានបញ្ជាក់ដែរថា សម្រាប់កីឡាករតែម្នាក់ដែលអាចលេងបាន ២ក្លិបក្នុង១រដូវកាលនោះ នៅពេលនេះអាចលេងបានរហូតដល់ទៅ ៣ក្លិបក្នុង ១រដូវកាលវិញ បន្ថែមលើការទិញ-ដូរកីឡាករដែលត្រូវបានធ្វើឡើង ១ឆ្នាំ ២ដង នៅចន្លោះខែមករា និងខែកក្កដា។

ដូចគ្នានោះដែរ លីគធំៗតាមប្រទេសនៅអឺរ៉ុបមានដូចជា អង់គ្លេស អ៉ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ បូករួមទាំងពាន Europa League ក៏ដូចជាពានរង្វាន់ធំ UEFA Champions League នៅមិនទាន់បញ្ចប់ដូចគ្នា៕