(ប៉េកាំង)៖ ការសិក្សាថ្មីមួយដែលទើបចេញផ្សាយនៅថ្ងៃអង្គារនេះ បានបង្ហាញថា កំណាត់ចុងប៉ែកខាងជើងនៃមហាកំផែងចិន ត្រូវបានសាង សង់ឡើងមិនមែនដើម្បីទប់ទល់ការឈ្លានពានពីអាណាចក្រម៉ុងហ្គោលនោះឡើយ ប៉ុន្តែដើម្បីឃ្លាំមើលចលនាប្រជាជនទៅវិញទេ។

លទ្ធផលសិក្សាខាងលើបានមក បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវអ៉ីស្រាអែល ម៉ុងហ្គោលី និងអាមេរិក បានចំណាយពេលស្រាវជ្រាវបង្កើតឡើង នូវផែនទីលម្អិតនៃកំណាត់មហាកំផែងចិនហៅថា Northern Line ដែលមានប្រវែង៧៤០គីឡូម៉ែត្រ ដោយប្រវែងភាគច្រើនលាតសន្ធឹងនៅក្នុងទឹកដីប្រទេសម៉ុងហ្គោលី។

បុរាណវិទូអ៉ីស្រាអែលលោក Gideon Shelach-Lavi ដែលជាអ្នកដឹកនាំការងារសិក្សាស្រាវជ្រាវរយៈពេល២ឆ្នាំមកនេះ បាននិយាយថា «កន្លងមក មនុស្សភាគច្រើនបានសន្និដ្ឋានថា កំណាត់មហាកំផែងនោះត្រូវបានសាងសង់ឡើង ក្រោមគោលដៅដើម្បីរារាំងការឈ្លានពានរបស់សត្រូវ ប៉ុន្តែយោងតាមការសិក្សារបស់យើង គឺតាមពិតវាមានកម្ពស់ទាប និងស្ថិតនៅកៀកនឹងផ្លូវ ដែលជាតំរុយបង្ហាញថា វាមិនមែនបម្រើសម្រាប់គោលដៅយោធានោះឡើយ»

បើតាមលោក Shelach-Lavi វាត្រូវបានសាងសង់ឡើង ដើម្បីឃ្លាំមើលឬក៏រាំងខ្ទប់ចលនាធ្វើដំណើររបស់មនុស្ស និងសត្វ ជាពិសេស សម្រាប់ក្រុមពួកជនពនេចរមកពីភាគខាងជើង។

គួរជម្រាបថា ការសាងសង់មហាកំផែនចិន ដែលត្រូវចែកជាកំណាត់ៗនិងមានប្រវែងសរុបចូលគ្នារាប់ពាន់គីឡូម៉ែត្រ គឺបានចាប់ផ្តើមឡើង ដំបូងកាលពីសតវត្សរ៍ទី៣មុនគ្រឹស្តសករាជ ហើយបន្តមករាប់សតវត្សរ៍ក្រោយៗទៀត។ កំណាត់ Northern Line ត្រូវ គេដាក់ឈ្មោះឲ្យថា Genghis Khan's Wall ព្រោះកន្លងមកមនុស្សភាគច្រើនជឿថា វាត្រូវបានសង់ឡើងជាពិសេសសម្រាប់ទប់ទល់នឹងការឈ្លានពានរបស់កំពូល អធិរាជម៉ុងហ្គោលរូបនេះ។ កំណាត់ Northern Line ត្រូវបានសាងសង់ឡើងចន្លោះសតវត្សរ៍ទី១១-១៣៕