(ក្រុងឡុងដ៍)៖ ការធ្វើតេស្តរកវីរុសឆ្លង COVID-19 នៃក្របខណ្ឌលីគបាល់ទាត់អង់គ្លេស Premier League ជុំទី៧ ចុងក្រោយទៅលើកីឡាករ និងបុគ្គលិកចំនួន ១,២១៣នាក់ ក្នុងនោះបានរកឃើញ ១ករណីតេស្តវិជ្ជមានជាបន្តទៀត មុនពេលការប្រកួតនឹងត្រឡប់មកវិញនាពុធសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

១ករណីថ្មីដែលត្រូវបានរកឃើញវិជ្ជមាននាថ្ងៃពុធម្សិលមិញនេះ ក្នុងចំណោម ១៤ករណីពីការធ្វើតេស្តកីឡាករ ក៏ដូចជាបុគ្គលិកប្រមាណ ៧,៤៨៧នាក់ពីមកពីក្លិបជាសមាជិកនៅ Premier League នាពេលបច្ចុប្បន្ន ក្នុងការរក្សាសុវត្ថិភាពដល់ការត្រឡប់មកវិញនៃលីគកំពូលអង់គ្លេសដែលនៅសល់តែ ៩ប្រកួតប៉ុណ្ណោះ។

Premier League 2019-2020 នេះ ក្រុមដែលកំពុងតែមានភាគរយលើកពានខ្ពស់ជាងគេ គឺហង្សក្រហម Liverpool ដែលរកបាន ៨២ពិន្ទុ និថត្រូវការជ័យជម្នះតែ ២ប្រកួតទៀតប៉ុណ្ណោះក្នុងការឈ្នះពានខាងលើត្រឡប់មកវិញ ក្រោយខកខាន ៣០ឆ្នាំមកនេះ។

ជំនួបបើកឆាកនៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ គឺជាការជួបគ្នារវាងក្រុម Aston Villa ប៉ះ Sheffield និងក្រុមការពារតំណែងជើងឯក Manchester City ប៉ះកាំភ្លើងធំ Arsenal ដោយការប្រកួតតម្រូវឲ្យបិទកីឡដ្ឋានក្នុងការទប់ស្កាត់ការឆ្លង COVID-19៕