(ហ្ស៊ូរិច)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបញ្ជាក់ថា គិតមកដល់ពេលនេះនៅសល់បេក្ខភាព៣ ក្នុងចំណោម ៤ប្រទេសដែលបានឡើងដល់ជុំបោះឆ្នោតផ្តាច់ព្រ័ត្រ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ស្រ្តី ពិភពលោក លើកទី៩ Women’s World Cup 2023។

បើយោងតាមការចេញផ្សាយដោយគេហទំព័រ Livescore បានចេញផ្សាយថា ប្រទេសជប៉ុន និងកូឡុំប៊ី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគ្នា ដើម្បីប្រជែងធ្វើម្ចាស់ផ្ទះរួមគ្នាពីអូស្រ្តាលី និងនូវែលសេឡង់។

ក្រុមប្រឹក្សា FIFA នឹងបើកកិច្ចប្រជុំមួយតាម Video Conference មុនការបោះឆ្នោតជុំផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមិថុនា ដើម្បីជ្រើសរើសប្រទេសធ្វើម្ចាស់ផ្ទះ Women’s World Cup 2023 ដែលមាន ៣២ប្រទេសចូលរួមលើកដំបូង បន្ទាប់ពីប្រទេសបារាំងដែលបានធ្វើម្ចាស់ផ្ទះកាលឆ្នាំ២០១៩ មានតែ ២៤ប្រទេសចូលរួម។

ការធ្វើបច្ចុប្បន្នភាពរបស់ FIFA បានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃលម្អិតនៃសៀវភៅដេញថ្លៃ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសដេញថ្លៃនានា ខណៈដែលពួកគេបានចេញផ្សាយរបាយការណ៍វាយតម្លៃការដេញថ្លៃរបស់ពួកគេរួចមក។

សេចក្តីថ្លែងការណ៍មួយពីគណៈអភិបាលបានបន្ថែមថា «ការដេញថ្លៃចំនួន៣ នឹងត្រូវដាក់ជូនក្រុមប្រឹក្សា FIFA ដើម្បី ឲ្យខ្លួនជ្រើសរើសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ស្ត្រីពិភពលោកឆ្នាំ២០២៣»។ ភ្លាមៗនោះដែរ FIFA បានចាត់ចំណាត់ថ្នាក់ការដេញថ្លៃរបស់អូស្ត្រាលី និងណូវែលសេឡង់ថាជា អំណោយផលខាងពាណិជ្ជកម្ម និងទទួលបានពិន្ទុខ្ពស់ជាងគេដោយមានដល់ទៅ ៤.១ពិន្ទុ ក្នុងចំណោមពិន្ទុខ្ពស់បំផុត៥។ ជប៉ុន មាន ៣.៩ពិន្ទុ និងកូឡុំប៊ី មាន២.៨ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ទាត់ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ពុំដែលត្រូវបានរៀបចំនៅតំបន់អាមេរិកឡាទីនម្តងណាទេ ហើយប្រេស៊ីល ជាប្រទេសដែលរំពឹងទទួលបានលើកដំបូងនោះ ក៏បានដកសំណើរបស់ពួកគេវិញនៅថ្ងៃចន្ទ ដោយនៅសល់តែកូឡុំប៊ី ជាក្តីសង្ឃឹមចុងក្រោយ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ជាមូលហេតុមួយនៃការដកខ្លួន៕