(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានដាក់ចេញនូវវិធានការ ៩ចំណុច អំឡុងពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ ដំណើរការប្រកួតឡើងវិញ ពិសេសកីឡាករ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហោច ៣លើក មុនអនុញ្ញាតឲ្យចូលទីលានប្រកួត ដើម្បីការពារជំងឺកូវីដ-១៩ (Covid-19)។

វិធានការនេះ បានចេញក្រោយមានកិច្ចប្រជុំរវាង CNCC ជាមួយតំណាងក្លិបទាំង១៣ និងតំណាងបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តកាលពីថ្មីៗ ដើម្បីជជែកពីកម្មវិធី និងបច្ចេកទេស នៃការប្រកួត ព្រមទាំងវិធានការណែនាំពីសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងបង្ការរលកទី២ នៃជំងឺកូវីដ-១៩ ស្របពេលលីគនឹងដំណើរការប្រកួតឡើងវិញ នាថ្ងៃទី០៤-មិថុនា ខណៈពានសម្ដេតេជោ នឹងចាប់ផ្ដើមនាថ្ងៃទី៣០ ខែមិថុនានេះ។

ចំពោះវិធានការណែនាំសុវត្ថិភាព ដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួតទាំង ៩ចំណុច រួមមាន៖
* ព័ត៌មានអំពី ជំងឺកូវីដ១៩
* ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
* វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
* វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ-១៩
* វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
* វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
* វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
* វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ។

គោលបំណងនៃវិធានការនេះ គឺស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ ហេតុនេះ ក្លិប រួមទាំងមន្ដ្រីរៀបចំការប្រកួតទាំងអស់ ត្រូវចូលរួមពិនិត្យសុខភាព ដែលរៀបចំដោយ CNCC សហការជាមួយក្រសួងសុខាភិបាល។ ករណីរកឃើញបុគ្គលិក ឬកីឡាករណាមានអាការៈមិនប្រក្រតី នឹងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដូចជាការធ្វើចត្តាឡីស័ក និងការពិនិត្យភ្លាមៗ។

លើសពីនេះ CNCC នឹងដាក់កំហិតក្លិបទាំងអស់ ត្រូវតាមដានការពិនិត្យកម្ដៅជាប្រចាំយ៉ាងហោចណាស់ ២លើក មុនថ្ងៃប្រកួត ដើម្បីដឹងច្បាស់ពីអាការៈថាតើមានភាពប្រក្រតីឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣ មុនចូលទៅកាន់ទីលានប្រកួត ហើយក្នុងអំឡុងពេលប្រកួត គឺមិនអនុញ្ញាតឲ្យមានការចាប់ដៃ ឬការឱប ដើម្បីអបអរសាទរការទាត់បញ្ចូលទីដែរ៕