(បារាំង)៖ Mona Lisa ជាផ្ទាំងគំនូរនៃស្រ្តីម្នាក់ ដែលត្រូវបានគូរដោយវិចិត្រករជនជាតិអ៉ីតាលី លោក Leonardo Da Vinci កាលពីឆ្នាំ១៥០៣ ក្នុងសម័យ Renaissance និងត្រូវមនុស្សភាគច្រើននៅជុំវិញពិភពលោកបានស្គាល់ និងបានឃើញ ខណៈបច្ចុប្បន្នវាស្ថិតក្នុងប្រទេសបារាំង។ ខាងក្រោមគឺជាចំណុចគួរឲ្យយល់ដឹង​មួយចំនួនទាក់ទងនឹងផ្ទាំងគំនូរដ៏ល្បីនេះ។

* Mona Lisa ជារូបគំនូរនៃស្រ្តីម្នាក់ឈ្មោះ Lisa del Giocondo
Lisa ជាភរិយារបស់ឈ្មួញអ៉ីតាលីម្នាក់ឈ្មោះ Francesco del Giocondo រស់នៅទីក្រុង Florence នៃប្រទេសអ៉ីតាលី។ លោក Francesco បានជួលវិចិត្រករ Leonardo Da Vinci ឲ្យគូររូបភរិយាខ្លួន។

* Mona Lisa ជាផ្ទាំងគំនូរ ដែលត្រូវបានគូរដោយប្រើប្រេងនៅលើផ្ទាំងឈើ
វិចិត្រករអ៉ីតាលីសម័យ Renaissance ភាគច្រើន ចូលចិត្តប្រើផ្ទាំងឈើដើម្បីគូរទំហំតូចៗល្មមរបស់ពួកគេ។

* Mona Lisa ធ្លាប់ស្ថិតនៅជាមួយស្តេចបារាំង Francois I, ស្តេច Louis XIV, និង មេទ័ព Napoleon
ទោះលោក da Vinci បានចាប់ផ្តើមគំនូរ Mona Lisa តាំងតែពីពេលលោករស់នៅប្រទេសកំណើតគឺអ៉ីតាលីក៏ដោយ លោកពុំទាន់អាចបញ្ចប់​គំនូរនេះនៅឡើយទេ រហូតទាល់តែលោកបានផ្លាស់ទីលំនៅទៅកាន់ប្រទេសបារាំង ក្រោមការសំណើរបស់ស្តេចបារាំង Francois I។ នៅឆ្នាំ​១៥១៩ លោក da Vinci បានទទួលមរណភាព។ ​ក្រោយមក ស្តេច Francois I បាន​​តាំងបង្ហាញផ្ទាំងគំនូរនេះ នៅព្រះរាជវាំង Fontainebleau របស់ទ្រង់ ជាទីដែល Mona Lisa ស្ថិតនៅប្រមាណមួយសតវត្សរ៍។ ក្រោយមក ស្តេច Louis XIV បានរើផ្ទាំងគំនូរនេះទៅកាន់ព្រះរាជវាំង Palace of Versailles។ មកដល់ឆ្នាំ១៨០០ លោក Napoleon Bonaparte បានតាំង Mona Lisa នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោក។

* Mona Lisa មានបន្ទប់ផ្ទាល់ខ្លួននៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស
Mona Lisa ត្រូវបានយកទៅតាំងនៅសារមន្ទីរ Louvre នៅឆ្នាំ១៨០០ជាង។ ក្រោយពីសារមន្ទីរ Louvre ចាប់ផ្តើមការកែលម្អដោយប្រើ​ពេល៤ឆ្នាំ និងលុយ៦.៣លានដុល្លារនៅឆ្នាំ២០០៣ Mona Lisa ទទួលបាន​បន្ទប់ផ្ទាល់ខ្លួន ដែលមានដំបូលកញ្ចក់ដើម្បីឲ្យមានពន្លឺធម្មជាតិ​ជះចូលទៅ ហើយផ្ទាំងគំនូរនេះត្រូវបានដាក់ក្នុងប្រអប់កញ្ចក់ការពារ ដែលមិនអាចបំបែកបាន និងរក្សាសីតុណ្ហភាពនៅត្រឹម​៦អង្សាសេ​។

* Mona Lisa ត្រូវបានគេស្គាល់នៅជុំវិញពិភពលោក បន្ទាប់ពីត្រូវចោរលួច
កាលពីឆ្នាំ១៩១១ ផ្ទាំងគំនូរនេះត្រូវបានគេលួច ដោយពេលនោះបទឧក្រិដ្ឋនេះ ត្រូវបានបណ្តាញសារព័ត៌មានចុះផ្សាយព្រោងព្រាងនៅ​ពាសពេញពិភពលោក ហើយនៅពេល Mona Lisa ត្រូវបានរកឃើញនិងយកមកដល់សារមន្ទីរ Louvre វិញ នៅ២ឆ្នាំក្រោយ គឺមនុស្សម្នា​​នៅលើផែនដីបានសម្តែងការអបអរសាទរ។

* Mona Lisa ធ្លាប់ត្រូវតាំងបង្ហាញប៉ុន្មានដងនៅក្រៅប្រទេសបារាំង
នៅឆ្នាំ១៩៦៣ Mona Lisa ត្រូវបានយកទៅកាន់សហរដ្ឋអាមេរិករយៈពេល៧សប្តាហ៍ ក្រោមការអញ្ជើញរបស់លោកស្រី Jackie Kennedy ដែលជាភរិយាលោក John F. Kennedy ប្រធានាធិបតីអាមេរិកនាពេលនោះ។ Mona Lisa ត្រូវបានតាំងបង្ហាញនៅសារមន្ទីរក្នុងរដ្ឋធានី​វ៉ាស៉ីនតោន និងនៅញូយ៉ក ហើយទទួលបានការចូលទស្សនាពីមនុស្សជាង១លាននាក់។ ជាង១០ឆ្នាំក្រោយមកទៀត Mona Lisa បាន​ទៅដល់តូក្យូ និងម៉ូស្គូ ហើយទទួលបានអ្នកចូលទស្សនាជាង២លាននាក់។

* Mona Lisa ធ្លាប់រងការវាយប្រហារជាច្រើនលើក
នៅឆ្នាំ១៩៥៦ មានមនុស្សម្នាក់ជះទឹកអាស៉ីតទៅលើ Mona Lisa ហើយម្នាក់ទៀតបានយកដុំថ្មគប់។ ការប៉ះពាល់មិនសូវជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែអាចកត់សម្គាល់ឃើញ។ ​ជាមួយការបំពាក់ប្រអប់កញ្ចក់ការពារក្រោយមក Mona Lisa បានរួចផុតពីការវាយប្រហារជាបន្តបន្ទាប់ទៀត រួមមានការព្យាយាមបាញ់ថ្នាំពណ៌នៅឆ្នាំ១៩៧៤ និងការជះកាហ្វេនៅឆ្នាំ២០០៩។

* Mona Lisa មិនអាចត្រូវគេទិញ ឬដាក់លក់បានឡើយ
បច្ចុប្បន្ន Mona Lisa ស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង។ យោងតាមច្បាប់សម្បត្តិបេតិកភណ្ឌរបស់ប្រទេសបារាំង ផ្ទាំងគំនូរនេះមិនអាចត្រូវគេទិញយក ឬដាក់លក់បាននោះទេ៕