(សេនធីអាហ្គូ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ របស់ប្រទេសឈីលី នឹងរៀបចំឡើងវិញ នៅសប្តាហ៍ចុងក្រោយ នៃខែកក្កដា ស្ថិតនៅក្រោមគម្រោង ដែលព្រាងឡើងដោយ សមាគមន៍បាល់ទាត់អាជីពជាតិ ឈីលី (ANFP), នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១០ ខែមិថុនានេះ។

ការប្រកួតក្នុងស្រុក អាចធ្វើឡើងបាន ដោយសារការរីករាលដាល នៃជំងឺ COVID-19 កំពុងស្ថិតនៅក្រោមការគ្រប់គ្រង ហើយក្លិបបាល់ទាត់ មានពេលវេលា យ៉ាងហោចណាស់៣សប្តាហ៍ពេញ សម្រាប់ការហ្វឹកហ្វឺន មុនពេលការប្រកួតលើកដំបូងរបស់ពួកគេ។

ក្លិបបាល់ទាត់នៅឈីលី បានកំណត់ពេលវេលា នៅដើមខែកក្កដា សម្រាប់ការចាប់ផ្តើមហ្វឹកហ្វឺនឡើងវិញ។

ការប្រកួតបាល់ទាត់កំពូលរបស់ឈីលី ត្រូវបានផ្អាក នៅពាក់កណ្តាលខែមីនា បន្ទាប់ពីមានការប្រកួតចំនួន៧ជុំ នៃជើងឯកជាតិ។

សូមបញ្ជាក់ថា ប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងនេះ មានករណីឆ្លងវីរ៉ុស COVID-19 ជាង១៤២,០០០ករណី ក្នុងនោះអ្នកជំងឺ ជិត២,៣០០នាក់បានស្លាប់៕