(ប្រេស៊ីល)៖ កីឡាករបាល់ទាត់ល្បីឈ្មោះ ជនជាតិជប៉ុន Keisuke Honda ដែលលេងឲ្យក្លិប Botafogo របស់ប្រេស៊ីល បានជំរុញឲ្យអាជ្ញាធរប្រេស៊ីល កុំទាន់ប្រញាប់ ក្នុងការចាប់ផ្តើមឡើងវិញ នូវការប្រកួតបាល់ទាត់ ចំពេលដែលមានការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាម សារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាថ្ងៃទី១១ ខែមិថុនានេះ។

ការលើកឡើងរបស់កីឡាកររូបនេះ បានធ្វើឡើង ដោយសារតែក្លឹបបាល់ទាត់ជាច្រើន បានបង្កើនការសាកល្បង និងក្លឹបមួយចំនួន បាននឹងកំពុងហ្វឹកហាត់ នៅក្នុងក្តីរំពឹងថា ការប្រកួតនឹងវិលត្រឡប់មកវិញឆាប់ៗ។

លោកបានសរសេរ នៅលើប្រព័ន្ធអប់រំអនឡាញ Now Do របស់លោកថា «សុខភាព គឺជារឿងសំខាន់ ហើយសេដ្ឋកិច្ច គឺជាកិច្ចការបន្ទាប់»។ លោកបន្តថា «លោកចង់លេង ប៉ុន្តែម្យ៉ាងវិញទៀត យើងត្រូវតែមានការប្រុងប្រយ័ត្ន»

ប្រេស៊ីល បានក្លាយជាប្រទេសលំដាប់ទី២ ដែលមានករណីឆ្លងវីរ៉ុស COVID-19 ច្រើនជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងករណីឆ្លង ជាង៧០០,០០០ករណី ក្នុងនោះអ្នកជំងឺជិត៣៨,០០០នាក់បានស្លាប់។

ការប្រកួតបាល់ទាត់ ត្រូវបានផ្អាក នៅប្រទេសប្រេស៊ីល ចាប់តាំងពីពាក់កណ្តាលខែមីនាមក ហើយមកទល់ពេលនេះ មិនទាន់មានការកំណត់ ស្តីពីការវិលត្រឡប់ឡើងវិញនោះទេ។

កីឡាករ Honda បានចូលរួមជាមួយក្លឹប Botafogo កាលពីខែកុម្ភៈ បន្ទាប់ពីចុះកិច្ចព្រមព្រៀង រយៈពេល១១ខែ៕