(អាតែន)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ចង់ឲ្យអត្តពលិកទាំងអស់ជួបពិភាក្សាគ្នា និងសម្រេចចិត្តលើវិធីល្អបំផុត ដើម្បីគាំទ្រដល់តម្លៃស្នូលនៃអូឡាំពិក ប្រកបដោយភាពថ្លៃថ្នូរ ខណៈការអំពាវនាវឲ្យផ្លាស់ប្តូរច្បាប់រឹតត្បិតការតវ៉ានៅឯព្រឹត្តិការណ៍កីឡាកាន់តែខ្លាំងឡើង។

IOC បាននិយាយកាលពីថ្ងៃពុធដែលត្រូវបានដកស្រង់ដោយ Channel News Asia ថា កីឡាសំខាន់ៗជាច្រើនបានអនុញ្ញាតឲ្យមានការតវ៉ា បន្ទាប់ពីមរណភាពរបស់លោក George Floyd ដោយស្នាដៃប៉ូលីសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែឧសភា រួមទាំងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និង National Football League (NFL) ទៀតផង។

ទោះយ៉ាងណាវិធានធម្មនុញ្ញទី៥០ នៃច្បាប់អូឡាំពិកហាមប្រាមមិនឲ្យមានការតវ៉ាខាងនយោបាយណាមួយ អំឡុងពេលប្រកួតឡេីយ។

វិធាននេះបានចែងថា គ្មានការធ្វើបាតុកម្មឬការឃោសនានយោបាយសាសនាឬពូជសាសន៍ណាមួយ ត្រូវបានអនុញ្ញាតនៅក្នុងកន្លែងអូឡាំពិក កន្លែងប្រកួត ឬតំបន់ផ្សេងទៀតឡើយ។

ជាមួយគ្នានោះ ដែរ លោក Thomas Bach ប្រធាន IOC បាននិយាយថា ការពិគ្រោះយោបល់រវាងក្រុមអត្តពលិកនៅជុំវិញពិភពលោកកំពុងដំណើរការហើយ។ លោកថា ក្រុមប្រឹក្សាប្រតិបត្តិ IOC គាំទ្រគំនិតផ្តួចផ្តើមរបស់គណៈកម្មការអត្តពលកម្មរបស់ IOC ក្នុងការស្វែងរកវិធីផ្សេងៗសម្រាប់អត្តពលិក ដើម្បីបង្ហាញការគាំទ្រចំពោះគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញអូឡាំពិក តាមរបៀបប្រកបដោយសេចក្តីថ្លៃថ្នូរ៕