(ភ្នំពេញ)៖ ពាក្យមួយឃ្លា បានតំណាលតៗគ្នាថា «ទូកទៅ កំពង់នៅ» ប្រៀបបាននឹងតារាជើងចាស់ កាលពីជំនាន់ទសវត្សរ៍៦០-៩០ ទោះអ្នកខ្លះបានលាឈប់ពីសិល្បៈ និងលាចាកលោកទៅហើយក្ដី តែស្នាដៃរបស់សិល្បករជំនាន់មុនទាំងអស់ នៅតែមានការគាំទ្រពីមហាជន។ បច្ចុប្បន្នសង្កេតឃើញថា តារាជំនាន់ក្រោយបានរះឡើងជាបន្តបន្ទាប់ តែយ៉ាងណា គេមិនភ្លេចឡើយនូវស្នាដៃរបស់ពួកគាត់ ដែលអ្នកខ្លះរស់នៅក្នុងស្រុក និងខ្លះទៀតរស់នៅបរទេស។

ខាងក្រោមនេះ ជាបច្ចុប្បន្នភាព របស់សិល្បករជើងចាស់ ទាំង១២រូប៖

១៖ លោក សុវណ្ណ មុន្នី៖ លោកបានចូលប្រឡូក ក្នុងវិស័យឧស្សាហកម្មភាពយន្ត ក្នុងឆ្នាំ១៩៨៨ ហើយបន្តប្រជាប្រិយភាពល្បីល្បាញខ្លាំង នៅអំឡុងទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោក បានបន្សល់ទុកស្នាដៃភាពយន្តជាច្រើន រួមមាន រឿង «ព្យុះជីវិត» រឿង «ចៅគីង្គក់» រឿង «បិសាចតណ្ហា» និង រឿង «ចាបស្រុក» ជាដើម។ អតីតតារាសម្តែងជើងចាស់រូបនេះ បានលាឈប់ពីសិល្បៈ ក្នុងឆ្នាំ១៩៩៧ និងបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយភរិយា និងកូនៗ។

២៖ លោក ហង្ស ផល្លីមធុរ៉ា៖ នៅអំឡុង ទសវត្សរ៍៩០ អតីតតារាចម្រៀងរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងជីវិតជាតារាសម្តែង មហាជនដាក់រហស្សនាមឲ្យលោកហង្ស ផល្លីមធុរ៉ា ថាជា «ស្តេចអាប៉ោង» ក្រោយពីល្បីខ្លាំងតាមរយៈចូលរួមសម្តែង ជាតួអង្គងប់នឹងល្បែងអាប៉ោង ក្នុងខ្សែភាពយន្តរឿង «ជើងមេឃដាច់ស្រយាល»។ ជាអកុសលអតីតារាសម្តែងរូបនេះ បានទទួលមរណភាពក្នុងវ័យ៥២ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។

៣៖ លោក គង់ សុភី៖ តារាសម្តែងជើងចាស់រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារភាពមកម្ល៉េះ ពោលគឺតាំងពីទសវត្សរ៍ ៧០។ មានភាពយន្តរាប់មិនអស់ទៅហើយ ដែលលោកបានសម្តែង ហើយចូលមកឆ្នាំ២០២០នេះ លោកនៅតែបន្តការងារសិល្បៈក្នុងស្រុកដដែល។ លោកជាតារាសម្តែងមួយរូប ដែលមានកិត្តិយសចូលរួមសម្តែងភាពយន្ត ថ្វាយព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ បានជាច្រើនរឿងដែលរឿងទាំងនោះថត នៅប្រទេសចិន និង ប្រទេសកូរ៉េខាងជើង។ លោកធ្លាប់ទទួលបានមេដាយមាស និងគ្រឿងឥស្សរិយយសមុនីសារាភណ្ឌ ថ្នាក់មហាសេនាពីព្រះមហាវីរក្សត្រ ក្នុងឆ្នាំ២០១០ និងបានទទួលមេដាយ មុនីសារាភណ្ឌថ្នាក់អស្សប្ញទ្ធិពី ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ជាបន្តបន្ទាប់មកទៀត ។

៤៖ លោក ទេព រិន្ទដារ៉ូ៖ ប្រឡូកក្នុងវិស័យភាពយន្ត ជាង២០ឆ្នាំមកហើយ រហូតដល់ឆ្នាំ២០២០ នេះ លោក នៅតែរក្សាបានប្រជាប្រិយភាព និងមានបណ្តាផលិតកម្មជាច្រើន ទាក់ទងឲ្យលោកសម្តែងរឿងឥតឈប់ឈរ។ លោក ទេព រិន្ទដារ៉ូ ធ្លាប់ទៅរៀននៅសូវៀតផ្នែកបច្ចេកទេសម៉ាស៊ីនយន្តហោះ MIG-2។ លោកក៏ធ្លាប់ទៅសិក្សា នៅប្រទេស រុស្ស៊ីផងដែរ ហើយក៏បានហាត់រៀនជាមួយ គ្រូសិល្បៈមួយចំនួនក្នុងរយៈពេលខ្លីនៅទីនោះ អំឡុងពេលដែល លោកធ្វើការនៅនាយកដ្ឋានសិល្បៈ។ ដោយសារបទពិសោធន៍នេះហើយ បានធ្វើឲ្យលោក ទេព រិន្ទដារ៉ូ មានមូលដ្ឋានគ្រឹះក្នុងអាជីពសម្ដែងបានយូរឆ្នាំ។

៥៖ លោក ហម ឈរ៉ា៖ តារាជើងចាស់រូបនេះបានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តលើកដំបូងនៅអំឡុងទសវត្ស៩០។ ខ្សែភាពយន្តដែលលោកសម្តែង លើកទី១ គឺរឿង «សំឡេងទ្រខ្មែរ» ដែលទទួលបានការគាំទ្រខ្លាំង និងធ្វើឲ្យលោកមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ។ បច្ចុប្បន្នលោកនៅតែបន្តការងារសិល្បៈក្នុងស្រុកដដែល។

៦៖ លោក ខៃ ប្រសិទ្ធ៖ លោកជា សិល្បករដ៏ល្បីល្បាញមួយរូប ក្នុងអំឡុងទសវត្សឆ្នាំ៨០។ លោកធ្លាប់បានសម្តែងខ្សែភាពយន្តជាច្រើនរឿង និងមានការគាំទ្រខ្លាំងពីទស្សនិកជន។ ក្រោយពីបាត់មុខ ក្នុងពិភពសិល្បៈអស់រយៈពេលដ៏យូរ បច្ចុប្បន្ននេះលោក ខៃ ប្រសិទ្ធ កំពុងកសាងជីវិតគ្រួសារ នៅលើទឹកដីប្រទេសអូស្រ្តាលី។ តែយ៉ាងណា លោកមិនបានប្រកាសពីការលាឈប់សិល្បៈនោះទេ ព្រោះពេលលោកមកលេងស្រុកខ្មែរម្តងម្កាល គឺគេតែងតែឃើញវត្តមានរបស់លោកក្នុង MV ចម្រៀង និងភាពយន្តខ្លះៗ។

៧៖ លោក សោម ដូរិន៖ លោក គឺជាអតីតារាសម្តែងមួយរូប ដែលបានប្រឡូកក្នុងវិស័យឧស្សាហ៍កម្មភាពយន្ត តាំងពីឆ្នាំ ១៩៥៨ ដែលជាឆ្នាំដំបូង នៃវិស័យភាពយន្តខ្មែរ។ ភាពយន្តដែលលោកសម្តែងដំបូង មានចំណងជើងថា «កុំភ្លេចគុណម្តាយ» ។ នៅអំឡុងទសវត្សរ៍៦០ ភាពយន្តដែលលោកសម្តែង និងល្បីល្បាញជាងគេនោះ គឺរឿង «ឱផ្សែងមរណៈ»។ បច្ចុប្បន្នលោកកំពុងរស់នៅ ប្រទេសកម្ពុជាជាធម្មតា បន្ទាប់ពីបាត់បង់សមត្ថភាពសម្តែង ដោយសារមានវ័យកាន់តែចាស់ជរា និងកំពុងមានជំងឺប្រចាំកាយផងដែរ។

៨៖ ច័ន្ទ រិទ្ធមេធានី៖ កាលពីជំនាន់ទសវត្សរ៍៩០ លោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យភាពយន្តខ្មែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអតីតតារាសម្តែងរូបនេះ បានស្ងប់ស្ងាត់ពីវិស័យសិល្បៈ។ លោកកំពុងរស់នៅប្រទេសកម្ពុជា ដោយថ្មីៗនេះ លោក ច័ន្ទ រិទ្ធមេធានី ស្រាប់តែលេចមុខមកវិញ ក្នុងជីវភាពខ្សត់ខ្សោយ និងមានជំងឺ។ ទោះបីលំបាកបន្តិចមែន តែលោកជាបុរសម្នាក់មានទំនួលខុសត្រូវខ្ពស់ លើខ្លួនឯងនិងក្រុមគ្រួសារ។ លោកសុខចិត្តជួលម៉ូតូកង់៣ឥណ្ឌា រត់ឌុបរកកម្រៃដោះស្រាយជីវភាព ដោយមិនប្រព្រឹត្តិទង្វើអ្វីមួយ មិនគប្បីក្នុងសង្គមឡើយ។

៩៖ លោក ពេជ្រ ភីរុណ៖ អតីតតារាសម្តែងជើងចាស់ មានប្រជាប្រិយភាពខ្លាំង នៅអំឡុងទសវត្សន៍៩០រូបនេះ ទោះបច្ចុប្បន្នវ័យឈានដល់៧០ឆ្នាំ ស្អែកខានស្អែកទៅហើយក្តី តែរូបរាងនៅសង្ហា មិនចាញ់កាលពីកំលោះឡើយ។ លោកក៏ត្រូវបានគេដឹងថា ជាអតីតស្វាមីរបស់តារាសម្ដែងដ៏ល្បី គឺអ្នកនាង អម្ពរ ទេវី។ បច្ចុប្បន្នលោកបានលាឈប់ពី វិស័យសិល្បៈហើយ និងកំពុងរស់នៅប្រទេសកម្ពុជា មានមុខរបរជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងកាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់។

១០៖ លោក នូ ស៊ិប៖ ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព តាំងពីជំនាន់ទសវត្សរ៍៩០។ ទោះបច្ចុប្បន្នមិនមានវត្តមានក្នុងសិល្បៈ ដោយសារបញ្ហាសុខភាពតែស្នាដៃចម្រៀង របស់លោក នៅតែមានការគាំទ្រពីមហាជន។ សព្វថ្ងៃនេះលោក នូ ស៊ិប ត្រូវបានគេដឹងថា កំពុងធ្លាក់ខ្លួនដុនដាបរស់នៅ បន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយយូរៗម្ដង គេឃើញអ្នកសិល្បៈ និងសប្បុរសជន យកជំនួយទៅជូនលោក ដើម្បីដោះស្រាយជីវភាព ដែលកំពុងរស់នៅម្នាក់ឯង យ៉ាងកណ្ដោចកណ្ដែង គួរឲ្យសង្វេគ ខណៈដែលខ្លួនធ្លាប់ជាតារាល្បី នៅក្នុងប្រទេស។

១១៖ លោក ហួរ ឡាវី៖ លោកគឺជាតារាចម្រៀងជើងចាស់មួយរូប មានភាពល្បីល្បាញខ្លាំងតាមរយៈសំឡេងស្អក តែពីរោះរណ្តំចិត្ត តាំងពីទសវត្សរ៍៨០ និងរហូតមកទល់បច្ចុប្បន្ន។ ម្ចាស់បទ «អាណែតមាសបង» រូបនេះមានសុខភាពល្អ មាំមួន តែងតែលេចវត្តមានក្នុងកម្មវិធីសិល្បៈ តាមបណ្តាស្ថានីយទូរទស្សន៍នានា ក្នុងស្រុក។ លោកក៏មានកូនស្រី ដើម្បីស្នងតំណែងជាអ្នកសិល្បៈ រហូតមកដល់សព្វថ្ងៃនេះដែរ គឺកញ្ញា វី ឌីណែត។

១២៖ លោក សុះ ម៉ាច៖ លោកជាកូនប្រុសបង្កើតរបស់លោក សុះ ម៉ាត់ អតីតសិល្បករចម្រៀងដ៏ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយមជំនាន់ លោក ស៊ីន ស៊ីសាមុត។ លោក សុះ ម៉ាច គឺជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាពតាំងពីសម័យ ទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោកក៏ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៣ ផងដែរ។ បច្ចុប្បន្ន លោក សុះ ម៉ាច រស់នៅក្នុងប្រទេសកម្ពុជា និងបន្តការងារសិល្បៈជាធម្មតា៕