(មីឡេន)៖ លីគបាល់ទាត់ Serie A របស់អ៉ីតាលី នឹងជួបប្រជុំជាមួយរដ្ឋាភិបាលស្អែកនេះ ដើម្បីរកច្រកចេញលេងបញ្ចប់រដូវកាល ឆ្នាំ២០១៩-២០២០ នេះដោយពេញលេញ។

Serie A រដូវកាលនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺផ្លូវដង្ហើម COVID-19 ដោយពុំទាន់ប្រកួតឡើងវិញនោះទេ ក្រោយដំណើរការប្រកួតបាន ២៦សប្តាហ៍ និងនៅសល់ ១២ប្រកួតទៀតទើបបញ្ចប់រដូវកាល។

តែយ៉ាងណា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានសង្ឃឹម និងជឿជាក់ថា Serie A នឹងធ្វើបានដូច Bundesliga របស់អាល្លឹម៉ង់ និងអេស្ប៉ាញផងដែរក្នុងការវិលត្រឡប់មកប្រកួតវិញក្នុងជំនួបអង្គប្រជុំដែលនឹងត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភាស្អែកនេះ។

ក្នុងកិច្ចប្រជុំនោះ នឹងផ្តោតសំខាន់ទៅកាលបរិច្ឆេទវិលមកប្រកួតវិញពិតប្រាកដ និងការរៀបចំកម្មវិធីប្រកួតឡើងវិញ ដ្បិតការប្រកួតបិទទ្វារកីឡដ្ឋានចៀសមិនផុតដូចលីគដទៃនោះទេ ជាមួយនឹងវិធានទប់ស្កាត់មួយចំនួនទៀត នឹងត្រូវបានធ្វើឡើងមុនការចាប់ផ្តើមទៀតផង៕