(ភ្នំពេញ)៖ លោក Matthew Robinson បានចូលប្រឡូក ក្នុងវិស័យសិល្បៈខ្មែរជាង២០ឆ្នាំមកហើយ ក្នុងនាមជាអ្នកផលិត និងដឹកនាំភាពយន្តប្រចាំផលិតកម្មខ្មែរមេគង្គ។ វត្តមានរបស់ផលិតករជនជាតិអង់គ្លេសរូបនេះ បានក្លាយជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយសិល្បៈរបស់ខ្មែរ ឲ្យអន្តរជាតិបានស្គាល់ តាមរយៈការផលិតភាពយន្តជាច្រើនរឿងកន្លងមក។ ថ្មីៗនេះ លោក Matthew Robinson សម្តែងនូវក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិផ្តល់សញ្ជាតិខ្មែរជាផ្លូវការ ដល់រូបលោក។

ថ្មីៗនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោក Matthew Robinson សរសេរសារយ៉ាងដូច្នេះថា «អស្ចារ្យ និងជាព្រឹត្តការណ៍សប្បាយរីករាយសម្រាប់ខ្ញុំក្នុងថ្ងៃនេះ វេលាម៉ោង ៣៖៣០ នាទីល្ងាច ដែលរូបខ្ញុំបាទ ទទួលបានសញ្ជាតិខ្មែរជាផ្លូវការ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងមិត្តរបស់ខ្ញុំ ដែលជាសហប្រធានផលិតកម្មខ្មែរមេគង្គ លោក Millan Lov សម្រាប់ការគាំទ្រយ៉ាងធំធេងរបស់គាត់ ដែលអនុញ្ញាតិឲ្យខ្ញុំ បានចូលប្រទេសរបស់គាត់ ហើយទទួលបានសញ្ជាតិខ្មែរជាផ្លូវការ»

រំលឹកពីប្រវត្តិរបស់ លោក Matthew Robinson ក្នុងប្រទេសកម្ពុជា ដោយកាលពីឆ្នាំ២០០៣ លោកធ្វើដំណើរមកទីក្រុងភ្នំពេញ សម្រាប់បេសកកម្មការងារឲ្យទូរទស្សន៍ BBC មានឈ្មោះថា «BBC World Service Trust»។ រហូតដល់ឆ្នាំ២០១៦ លោកបានផ្លាស់មករស់នៅប្រទេសកម្ពុជា ហើយបង្កើតទូរទស្សន៍និងផលិតកម្ម «ខ្មែរមេគង្គ»។

លោក Matthew Robinson បានអភិវឌ្ឍន៍ការងារជាច្រើន ក្នុងវិស័យភាពយន្ត ក្រោយបង្កើតផលិតកម្ម «ខ្មែរមេគង្គ» ដែលរួមមានស្នាដៃ ភាពយន្តភាគ និងភាពយន្តឯកសារ និងភាពយន្តខ្នាតធំៗជាច្រើន ដូចជារឿង «បាត់ខ្លួន», រឿង «ស្នេហ៍ក្លែងក្លាយ», រឿង «គ្រួសារខ្ញុំបេះដូងខ្ញុំ», កម្មវិធី «វៃឆ្លាតបរិស្ថានស្អាត»​, កម្មវិធី «ពិភពក្រឡាប់ចាក់»...។

បន្ថែមពីនេះ លោក Matthew Robinson ក៏មានឈ្មោះក្នុងបញ្ជីសប្បុរសជន ដែលបានជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាផងដែរ។ ក្នុងនោះលោកបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០០ដុល្លារ។

កិច្ចការងារ និងសមិទ្ធផលយ៉ាងសន្ធឹកសន្ធាប់ក្នុងប្រទេសកម្ពុជារបស់ លោក Matthew Robinson បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនស្ទាក់ស្ទើរឡើយ ក្នុងការស្នើសុំរដ្ឋាភិបាល ដើម្បីផ្តល់សញ្ជាតិខ្មែរជូនលោក។ ការទទួលបានសញ្ជាតិខ្មែរពេលនេះ ផលិតករល្បីឈ្មោះ Matthew Robinson ពិតជាសប្បាយរីករាយយ៉ាងខ្លាំង៕