(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២៦ ខែឧសភានេះ បានបន្ដកោះហៅគណៈកម្មការជំនាញចំនួន២ ក្នុងចំណោម១៤ គណៈកម្មការចូលរួមកិច្ចប្រជុំ និងបង្ហាញរបាយការណ៍វឌ្ឍនភាព ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជា រួមមានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា។

កិច្ចប្រជុំនេះបានធ្វើឡើងនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។ លើសពីនេះ កិច្ចប្រជុំក៏បានធ្វើការពិនិត្យលើរូបនិមិត្តសញ្ញា (Logo SEA Games 2023) ដើម្បីស្វែងរកធាតុចូលបន្ថែម ក្នុងន័យសម្រិតសម្រាំងឲ្យបានល្អបំផុត មុនសម្រេចជ្រើសរើសប្រើតំណាងព្រឹត្តិការណ៍ស៊ីហ្គេមផង និងតំណាងប្រទេសជាតិផង។

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាពរបស់លោក ជា ច័ន្ទបរិបូរណ៍ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងតំណាងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជំនាញទាំងពីរ ដែលសម្រេចទិសដៅការងារបានប្រមាណ ៧០% ហើយលោកបណ្ឌិត ថោង ខុន បានជំរុញឲ្យបន្ដខិតខំបន្ថែមទៀត ដ្បិតគណៈកម្មការជំនាញទាំងពីរ ត្រូវចេញដំណើរមុនគេ ក្នុងការផ្សព្វផ្សាយពីកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ដោយឡែកពាក់ព័ន្ធការពិនិត្យនិមិត្ដសញ្ញា (Logo) សម្រាប់ប្រើប្រាស់ផ្លូវការក្នុងព្រឹត្ដិការណ៍ប្រវត្តិសាស្ដ្រខាងលើ នឹងត្រូវមានការកែតម្រូវបន្ថែម ដើម្បីធ្វើឲ្យមានភាពទាក់ទាញ និងកាន់តែច្បាស់លាស់ ស្របតាមនយោបាយកីឡាផង និងគោលការណ៍ព្រះរាជាណាចក្រកម្ពុជាផង ព្រោះស៊ីហ្គេម គឺដើម្បីយើងទាំងអស់គ្នា។ តែយ៉ាងណាអង្គប្រជុំគណៈអចិន្ដ្រៃយ៍ បានសម្រេចលើរូបតំណាង (Mascot) ដែលរូបទន្សាយជាតំណាង និងបាវចនា ឬពាក្យស្លោក ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ CAMSOC ហើយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយចប់កិច្ចប្រជុំ។

សូមបញ្ជាក់ថា ស្របពេលស្ថានភាពជំងឺកូវីដ-១៩ (COVID-19) នៅកម្ពុជាមានភាពធូរស្រាលច្រើន គណៈអចិន្ដ្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ ដោយកោះហៅគណៈកម្មការជំនាញនីមួយៗមកបង្ហាញវឌ្ឍនភាពការងារ និងធ្វើការជាមួយសហព័ន្ធកីឡាជាតិមួយចំនួន ដោយឈរលើទិសដៅរៀបចំ និងពង្រឹងការអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូង នាឆ្នាំ២០២៣៕