(ភ្នំពេញ)៖ ទស្សនិកជនបានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ខណៈឮដំណឹងថា តារាសម្តែងប្រុសវ័យក្មេងរបស់ថៃ គឺលោក Nick Kunatip Pinpradab កំពុងមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាស្រីជាមេម៉ាយរូបស្រស់ម្នាក់​ គឺនាង Tangmoo។ យ៉ាងណាមិញ ក្រោយដំណឹងនេះបានសុះសាយពេញ ប្រព័ន្ធផ្សព្វផ្សាយ តារាប្រុសវ័យក្មេងរូបនេះ បានចេញមុខមកបដិសេធថា លោកមិនមានទំនាក់ទំនងស្នេហ៍ជាមួយ Tangmoo ខណៈនេះជាការយល់ច្រឡំប៉ុណ្ណោះ។

ជាការពិត មូលហេតុដែលមានការយល់ច្រឡំថា តារាប្រុសវ័យក្មេង លោក Nick Kunatip Pinpradab និង Tangmoo កំពុងបង្កើតភ្លើងស្នេហ៍លួចលាក់ជាមួយគ្នា គឺដោយសារតែមួយរយៈមកនេះ ទស្សនិកជនតែងតែឃើញថា អ្នកទាំងពីរមានភាពស្និតស្នាលនឹងគ្នាខុសធម្មតា។ អ្វីដែលពិសេសនោះ អ្នកទាំងពីរ មានដំណើរកំសាន្តជាមួយគ្នា យ៉ាងផ្អែមល្ហែម ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោងទៀតផង។ ការលើកឡើងបែបនេះ ដោយសារតែរូបថតមួយចំនួនរបស់អ្នកទាំងពីរ ក្នុងថ្ងៃដើរកំសាន្ត ត្រូវបានបែកធ្លាយ។

ងាកមកលោក Nick ក្រោយពីបានឮនូវដំណឹងនេះហើយ បានចេញមុខបកស្រាយភ្លាមៗ ដោយលោកបញ្ជាក់ថា «ការពិតទៅលោក និង Tangmoo ក៏ពិតជាជិតស្និទ្ធនឹងគ្នាមែន តែមិនមែនជាគូស្នេហ៍ឡើយ ព្រោះលោកទុក Tangmoo ដូចជាបងស្រីហើយ នាងក៏មិនបានគិតមកលើលោកដូចគ្នា»។ ម្យ៉ាង អ្នកទាំងពីរធ្លាប់សម្ដែងរឿងរួមគ្នា ថែមផ្ទះក៏រស់នៅក្បែរៗគ្នា ទើបមានភាពជិតស្និទ្ធ ដូចបងដូចប្អូនបែបនេះ។

លោកថា «ការទៅណាមកណារបស់យើង គឺទៅជាក្រុម មិនមែនតែពីរអ្នកនោះឡើយ ហើយខ្ញុំក៏មានមិត្តភក្ដិស្រីៗផ្សេងៗទៀតផងដែរ គ្រាន់តែ Tangmoo ជាតារាទើបមានការចាប់អារម្មណ៍ ពីសំណាក់ពត៌មានបែបនេះ»