(ភ្នំពេញ)៖ កីឡាករខ្សែបម្រើកូនកាត់ខ្មែរបារាំង វ៉ា សុខថន បានមកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន សារជាថ្មីម្តងទៀត ក្នុងកិច្ចសន្យាផ្លូវការរយៈពេល១ឆ្នាំ នេះបើយោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្លឹបផ្ទាល់នៅរសៀលថ្ងៃទី១៣ ខែធ្នូ មុននេះបន្តិច។

វ៉ា សុខថន មានដើមកំណើតនៅទីក្រុង Le Creusot ស្ថិតក្នុងតំបន់ភាគខាងកើតប្រទេសបារាំង Burgundy ប៉ុន្តែ ឪពុកម្តាយរបស់គេ មានដើមកំណើតមកពីខេត្តក្រចេះ និងព្រៃវែងរូបគេផ្ទាល់បានធ្វើដំណើរពីប្រទេសបារាំង មកកាន់កម្ពុជា ហើយនៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ កីឡាកររូបនេះធ្លាប់បានជួយឲ្យក្លឹបនេះ ឈ្នះជើងឯកជាមួយម្ដងកាលពីឆ្នាំ២០១៥ ហើយរូបគេក្លាយជាកីឡាករទី៦ ដែលក្លឹបបាននាំមកសម្រាប់ត្រៀមរដូវកាល២០១៩។

សម្រាប់ សុខថន បានមកប្រកបអាជីពនៅលីគកំពូលកម្ពុជា កាលពីរដូវកាល ២០១៤និង២០១៥ តែបានត្រលប់ទៅបារាំងវិញទាំងមិនទាន់ចប់រដូវកាល ក្រោមមូលហេតុផ្ទាល់ខ្លួន កាលពីអំឡុងឆ្នាំ២០១៥ រូបគេក៏ត្រូវបានអតីតគ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា បង្ហាញខ្លួនបាន ៧ដងនិងទាត់បាល់បញ្ចូលទីបាន ១គ្រាប់ផងដែរ។

បញ្ជាក់ផងថា ក្លឹបភ្នំពេញក្រោន បាននាំចូលកីឡាករថ្មី ៦រូបដូចជាកីឡាករ វ៉ា សុខថន, ពុំ តុលា, ស៊ាន ភីសា,កីឡាករប្រេស៊ីល ២រូប Paulo Victor, Leonardo Oliveira Tavares និងកីឡាករកូរ៉េខាងត្បូង Tae Woong Kim ដើម្បីត្រៀមការប្រជែងនារដូវកាលខាងមុខ៕