(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង លី ម៉ារីណា បានផ្អាកពីវិស័យសិល្បៈ ទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិកអស់មួយរយៈពេលក្ដី ប៉ុន្តែអ្នកនាងនៅតែក្ដោបក្ដាប់ប្រជាប្រិយភាពដដែល ក្រោយពេលដែលបានត្រឡប់ចូលសិល្បៈជាថ្មីម្ដងទៀត តាមរយៈការសម្ដែងខ្សែភាពយន្ត និងថតស្ពតពាណិជ្ជកម្ម ខណៈទើបត្រឡប់មករស់នៅប្រទេសកំណើតវិញមិនបានប៉ុន្មានផង តែអ្នកនាងឆក់បានការសម្ដែងជាច្រើនរឿងផងដែរ។ យ៉ាងណាមិញ តារាសម្ដែងកូនមួយរូបនេះបានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាងវិលត្រឡប់ចូលក្នុងសិល្បៈសារជាថ្មី គឺអ្នកនាងបានសម្ដែងរហូតដល់ទៅ ៤រឿង ដោយឡែក ២រឿង កំពុងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផងដែរ រួមមានដូចជា «រឿងពស់កេងកង» និង «រឿងភ្លើង» ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ពាក់ព័ន្ធនឹងរឿងនេះផងដែរ អ្នកនាង លី ម៉ារីណា បានថ្លែងប្រាប់ថា «ចាសអូន! ចាប់តាំងពីបងវិលត្រឡប់ចូលមកក្នុងវិថីសិល្បៈសារជាថ្មីមក គឺក្នុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ គឺបងទទួលបានការសម្ដែង បាន៤រឿងហើយ រួមមានដូចជា «រឿងពស់កេងកង» «រឿងភ្លើង» «រាជនីភូមិគ្រឹះ» និងឥឡូវ បងកំពុងថតមួយរឿងទៀត គឺ«រឿងភរិយា២០១៩»

យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជនរបស់តារាសម្ដែងរូបនេះវិញ បច្ចុប្បន្នកំពុងមមាញឹកខ្លាំងនឹងការងារជំនួញផ្ទាល់ខ្លួនផងដែរ ដោយនាងបានបង្ហើបប្រាប់ថា នាងមានជំនួញធំៗនៅក្នុងដៃដល់ទៅ៣ មានដូចជា ហាងកង់នាំចូលពីអាមេរិក ហាងលក់សម្លៀកបំពាក់ និងហាងលក់ផលិតផលផងដែរ៕