(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០១៨ បានបញ្ចប់ហើយ ស្របពេលលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលចូលរួមពិធីបិទនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា​ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលក្នុងការរៀបចំ និងការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។

ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៤ ខែវិច្ឆិកាមកម្ល៉េះដោយមានកីឡាករ-កីឡាការិនី ៧៤នាក់ មកពីខេត្ត-ក្រសួងចំនួន ៤ ចូលរួម។ ជាលទ្ធផលក្លឹបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ ១៣គ្រឿង មានមេដាយមាស ៤, ប្រាក់ ៦ និងសំរឹទ្ធ ៣ ខណៈខេត្តកំពង់ឆ្នាំង ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១០គ្រឿង មានមេដាយមាស ៤, ប្រាក់២ និងសំរឹទ្ធ ៤ និងខេត្តក្រចេះ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១៣គ្រឿង មានមេដាយមាស ៣, ប្រាក់ ៤ និងសំរឹទ្ធ ៦។

លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងថា ការប្រកួតឆ្នាំនេះ ពិតជាមានភាពស្វិតស្វាញ និងគោរពបទបញ្ជាប្រកួតយ៉ាងល្អ ពិសេសការកាត់សេចក្ដីប្រកបដោយភាពត្រឹមត្រូវពីចៅក្រម ដែលធ្វើឲ្យសហព័ន្ធចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើម និងមានសមត្ថភាពយ៉ាងពិតប្រាកដ។ ប៉ុន្ដែលោកបានស្នើគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាណាព្យាបាលកីឡាករផងដែរ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជំរុញការខិតខំបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសការសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣។

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដដែលថា «ស៊ីហ្គេម ឆ្នាំ២០២៣ សល់ពេលជាង ៤ឆ្នាំ តែយើងមានពេលរៀបចំខ្លួនយ៉ាងច្រើនជាង ៣ឆ្នាំប៉ុណ្ណោះ។ ដូច្នេះយើងត្រូវពួតដៃគ្នាខំប្រឹងបណ្ដុះបណ្ដាល ទាំងគ្រូ ចៅក្រម និងកីឡាករ-កីឡាការិនី ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយចប់ស៊ីហ្គេមផងដែរ។ ឥឡូវយើងកំពុងស្វែងរកការឧបត្ថម្ភបន្ថែមពីប្រទេសជាមិត្ត ដូចជាចិន កូរ៉េ ជប៉ុន និងប្រទេសជាមិត្តដទៃទៀត ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីរបស់យើងទៅហ្វឹកហាត់ តែការទៅហាត់ក្រៅស្រុក ក៏ត្រូវការការអនុញ្ញាតពីអាណាព្យាបាលដែរ»

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ដែរថា ជើងឯកជាតិ និងពានរង្វាន់ប្រធានសហព័ន្ធឆ្នាំនេះ ពិតជាទទួលបានលទ្ធផលប្លែកពីឆ្នាំមុន ទាំងកំណើនបច្ចេកទេស និងការកាត់សេចក្ដី។ លោកថា «និយាយពីបច្ចេកទេស យើងឃើញមានការកើនឡើងច្រើន ព្រោះពួកគាត់មកទីនេះ ម្នាក់ៗសុទ្ធតែមានជំនឿចិត្តខ្ពស់ ជាក់ស្ដែងគឺបានមេដាយស្ទើរគ្រប់គ្នា ដែលកើតចេញពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។ ម្យ៉ាងចៅក្រមយើង ទើបមកពីរៀននៅជប៉ុន បានធ្វើឲ្យការកាត់សេចក្ដី មានភាពសុក្រឹត្យ និងយុត្តិធម៌ ធ្វើឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ មានការខំប្រឹងកាន់តែខ្លាំង»

គួរបញ្ជាក់ថា ទន្ទឹមជាមួយភាពរីកចម្រើន និងការកើនឡើងនូវបច្ចេកទេសប្រកួតរបស់កីឡាករ-កីឡាការិនី ក្រោមការផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងការឧបត្ថម្ភថវិកាផ្ទាល់របស់លោករដ្ឋមន្ដ្រី ថោង ខុន សហព័ន្ធបានបង្កើនប្រាក់រង្វាន់ជយលាភីដ៏ច្រើន ក្នុងនោះជយលាភីលេខ ១ ទទួលបាន ៥០ម៉ឺនរៀល, លេខ២ ទទួលបាន ៤០ម៉ឺនរៀល និងលេខ៣ ទទួលបាន ៣០ម៉ឺនរៀល ស្របពេលវិញ្ញាសាជាក្រុម ត្រូវគុណតាមចំនួនជាក់ស្ដែង នៃប្រភេទវិញ្ញាសានីមួយៗទៀតផង៕