(អៀរឡង់)៖ អតីតខ្សែប្រយុទ្ធ Robbie Keane នៃក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយនាពេលថ្មីៗនេះ ក្រោយលេងបាន ៩ប្រកួតឲ្យក្លឹប Atletico de Kolkata ក្នុងក្របខណ្ឌ Indian Super League ឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៨ ខែវិច្ឆិកា។

កីឡាករវ័យ ៣៨ឆ្នាំ Keane បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១៤៦ប្រកួត រកបាន ៦៨គ្រាប់ចាប់តាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០១៦ ក្នុងនាមជាកីឡាករចូលលេងបានច្រើនជាងគេសម្រាប់ក្រុមជម្រើសនៅប្លុកអឺរ៉ុបមួយនេះ។

អតីតខ្សែប្រយុទ្ធក្លឹប Spurs រូបនេះរកបាន ៣២៥គ្រាប់ ពីការចូលលេងបាន ៧៣៧ប្រកួតសម្រាប់ការប្រកបអាជីពនៅក្នុងក្លឹបចំនួន ១១ផ្សេងគ្នាមាន Wolverhampton Wanderers, Coventry City, Inter Milan, Leeds United, Tottenham Hotspur, Liverpool, Celtic, West Ham United, LA Galaxy, Aston Villa និងក្លឹប Atletico de Kolkata។

Keane រកបាន ៣គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ហើយធ្លាប់ឈ្នះពានជាច្រើនរួមមាន League Cup ១ដងជាមួយក្លឹប Spurs ពាន MLS Cup ៣ដងជាមួយក្លឹបអាមេរិក LA Galaxy និងឈ្នះពាន Euro U18 ឆ្នាំ១៩៩៨ និងពាន Nations Cup ឆ្នាំ២០១១ ដែលមានក្រុមប្រកួតប្រជែងតែ ៤ក្រុមប៉ុណ្ណោះ មានស្កុតឡេន វេលស៍ សាធារណរដ្ឋអៀរឡង់ និងអៀរឡង់ខាងជើង។

បច្ចុប្បន្ន Keane មានតួនាទីជាគ្រូជំនួយក្នុងក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ដែលមានលោក Mick McCarthy ជាគ្រូបង្វឹកបង្គោល៕