(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យសោកស្ដាយ សម្រាប់ពិធីករប្រុសសម្ដីចាក់ទឹកមិនលេច ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ហេរ៉ូ ខណៈដែលលោកត្រូវបាន​ចោរ​បើក​ទ្វា​រ​រថយន្ត និងបាន​លួច​យក​ទ្រព្យសម្បត្តិ​លោកអស់ពីក្នុងរថយន្ត ក្នុងនោះមានលុយសុទ្ធជាង ១ម៉ឺនដុល្លារ ខណៈ​ដែលលោក​បាន​ចត​រថយន្តចោល និងបាន​សម្រាក​នៅក្នុង​រថ​យន្ត កាលពី​ព្រឹក​ទៀបភ្លឺ​ម៉ោង ៤ ឈានចូល​ថ្ងៃទី ២៨ ខែវិច្ឆិកា​កន្លងទៅនេះ។

តាមរយៈវីដេអូរ​បស់​ពិធីករប្រុស លោក ហេ​រ៉ូ ​បានធ្វើការរៀបរាប់ឱ្យដឹងថា ករណី​បាត់​នេះ ​ដោយសារ​ចោរ​បាន​បើក​ទ្ធា​រ​រថយន្ត និងបាន​លួច​យក​ទ្រព្យសម្បត្តិ​លោកអស់ពីក្នុងរថយន្ត ខណៈ​លោក​បាន​ចត​រថយន្ត និងបាន​សម្រាក​នៅក្នុង​រថ​យន្ត នៅ​ចំណុច​មុខ​វិទ្យាល័យបឹងត្របែក​មួយស្របក់ កាលពី​ព្រឹក​ទៀបភ្លឺ​ម៉ោង ៤ ចូល​ថ្ងៃទី២៨ ខែវិច្ឆិកា​កន្លងទៅនេះ។ សម្រាប់​ទ្រព្យសម្បត្តិដែល​បាន​បាត់បង់ទៅ​នោះ ត្រូវបាន​ពិធីករ​រូបនេះ​រៀបរាប់​ឱ្យដឹងបន្ថែមថា មាន​ចំនួន​ច្រើនរួមមាន​ កាបូប​ដែលមាន​ដាក់​ឯកសារ​ផ្លូវការ​ជាច្រើន ទូរស័ព្ទ ២គ្រឿង នាឡិកា​ដៃ និងលុយ​សុទ្ធ​ជាង ១ម៉ឺន​ដុល្លារ។​

ជាមួយគ្នានេះ លោកក៏បានសុំ​អំពាវនាវ​ដល់​មហាជន បើ​ឃើញ​ឯកសារ​ដូចដែល​បាន​រៀបរាប់ក្នុងវីដេអូខាងក្រោម​ បើត្រូវបាន​គេ​ផ្លុ​ង​ចោល សូម​ទាក់ទង​មកកាន់​លោក ព្រោះ​ឯកសារ​ទាំងនោះ​ពិតជា​សំខាន់សម្រាប់​លោក។

យ៉ាងណាមិញ បន្ទាប់ពីមានករណីត្រូវបានចោរលួចអស់ទ្រព្យសម្បតិ្តយ៉ាងច្រើនហើយនោះ លោក ហេរ៉ូ ​ក៏បាន​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ទន្លេបាសាក់ និងបន្ត​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​បន្ថែមទៀត ដើម្បី​ធ្វើការ​ស៊ើប​នៅក្នុង​ករណីនេះផងដែរ។

បន្ទាប់ពីដឹងដំណឹងនេះ មហាជន និងទស្សនិកជន អ្នកគាំទ្រជាច្រើនបានចូលរួមសោកស្ដាយ លោក ហេរ៉ូ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ក្នុងករណីដែលលោកត្រូវបានចោរលួចនេះផងដែរ៕