(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់ លោក ទេព រិនដារ៉ូ នរណាក៏ស្គាល់ដែរ ព្រោះលោកគឺជាតារាសម្ដែងជើងចាស់មួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរណាស់មកហើយ។ អ្វីដែលពិសេសនោះ លោកនៅតែបន្តប្រជាប្រិយភាព បានរហូតមកដល់សព្វថ្ងៃនេះ និងឈរនៅលំដាប់ថ្នាក់លេខ១ជានិច្ច ក្នុងចំណោមតារាដែលមានវ័យស្របាលនឹងលោក។ ម្យ៉ាងវិញទៀត លោកក៏ជាតារាសម្ដែងមួយដួង ដែលគេតែងតែសម្គាល់ឃើញថា ហាក់មិនសូវបង្ហាញ ពីសកម្មភាពច្រើនឡើយក្នុងសង្គម ជាហេតុធ្វើឲ្យតារាសម្ដែងល្បីឈ្មោះរូបនេះ គ្មានរឿងអាស្រូវទាល់តែសោះ បើប្រៀបផ្ទឹមទៅនឹងតារាសម្ដែងស្របាលនឹងលោកផងដែរ។

ដោយឡែកថ្មីៗនេះ ខណៈរដូវរងារនៅក្នុងប្រទេសកម្ពុជា ហាក់ឈានចូលមកដល់ ស្រាប់តែលោកបានបង្ហោះរូបជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពកាលដែលលោកបន្តការសិក្សានៅក្រៅប្រទេស ពោលគឺ សហភាពសូវៀត រំព្ញកអនុស្សាវរីយ៍ ពេលរដូវធ្លាក់ទឹកកក ជាមួយមិត្តភក្តិរួមជំនាន់។

ជាមួយនឹង ការបង្ហាញរូបភាព កំឡុងពេលសិក្សានៅបរទេស លោក ទេព រិនដារ៉ូ បានពោលថា «ធ្លាក់ខ្យល់បែបនេះ នឹកឃើញកាលពីនៅក្មេង រៀននៅសហភាពសូវៀត ពេលរដូវធ្លាក់ទឹកកក គេនាំទៅលេងលើភ្នំមួយ ដែលមានរូបចម្លាក់ធំបំផុត នាទីក្រុងវ៉ូហ្គូហ្គ្រាដ តាមបណ្តោយទីក្រុងវ៉ូលហ្គា ពិតជាត្រជាក់ខ្លាំងណាស់ ជាមួយមិត្តភ័ក្រ្តនាំគ្នារត់ឡើងទៅលើ ដើម្បីបានឆាប់ទៅដល់មុនគេ ហាស់ហា ព្រោះប្រញាប់ថតរូប..ហើយប្រញាប់ចុះក្រោមវិញ ព្រោះត្រជាក់ពេក ...! អរគុណដល់ប្រិយមិត្តទាំងអស់ ដែលចំណាយពេលមើលរូបចាស់ៗរបស់ខ្ញុំ នឹងអានការអធិប្បាយនេះ! សូមប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខ»។

គួរបញ្ជាក់ថា លោក ទេព រិនដារ៉ូ ជាតារាសម្ដែងដ៏ល្បីល្បាញមិនចេះរីងស្ងួតមួយដួងក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាអ្នកក្នុងសិល្បៈ និងក្រៅសិល្បៈ៕