(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ ២០១៨ នឹងបញ្ចប់នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៦ថ្ងៃកន្លងទៅនៅ សាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ។ តាមគម្រោង ពិធីបិទការប្រកួតល្ងាចនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាផ្ទាល់តែម្ដង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី ២៤ ខែវិច្ឆិកាមកម្ល៉េះ ដោយមានកីឡាករ-កីឡាការិនីសរុប ៧៤នាក់ មកពីខេត្ត៣ និងក្រសួង១ចូលរួម គឺមានខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តតាកែវ និងក្លឹបក្រសួងមហាផ្ទៃ។ លើសពីនេះ ដំណាលគ្នានឹងការចាប់ផ្ដើមប្រកួត សហព័ន្ធក៏បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម ដើម្បីបំពេញភារកិច្ចក្នុងការប្រកួតឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ៥ថ្ងៃកន្លងមក ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ដោយដណ្ដើមបានមេដាយច្រើនជាងគេ ៧គ្រឿង រួមមានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២ ស្របពេលខេត្តកំពង់ឆ្នាំ ឈរលេខរៀងទី២ ដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ខណៈខេត្តក្រចេះ ឈរលេខរៀងទី៣ ដណ្ដើមបានមេដាយសរុប ៤គ្រឿង រួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ និងខេត្តតាកែវ ដណ្ដើមបានមេដាយសំរឹទ្ធ១។

អគ្គលេខាធិការដដែលបន្ដថា ឆ្នាំនេះដោយទទួលបានការណែនាំពីលោករដ្ឋមន្ដ្រី ថោង ខុន សហព័ន្ធបានផ្ដោតសំខាន់លើយុវជន ព្រោះសហព័ន្ធចង់ចម្រាញ់ធនធានកីឡាករ-កីឡាការិនីឆ្នើមៗវ័យក្មេងឲ្យបានច្រើន សម្រាប់បណ្ដុះបណ្ដាលត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសការសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ដោយហេតុនេះ ទើបសហព័ន្ធបានរឹតបន្តឹងលើការកាត់សេចក្ដីរបស់ចៅក្រម ដើម្បីផ្ដល់យុត្តិធម៌ដល់កីឡាករ និងស្វែងរកអ្នកមានសមត្ថភាពពិតប្រាកដ៕