(ប៉ារីស)៖ ក្លឹបជើងឯករង UEFA Champions Leauge រដូវកាលមុន ហង្សក្រហម Liverpool បានបាត់បង់ ៣ពិន្ទុក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Paris Saint-Germain ២-១ ខណៈក្លឹបអ៊ីតាលី Napoli បានយកឈ្នះក្រុមភ្ញៀវ Red Star Belgrade ៣-១ ក្នុងការប្រកួតទី៥ ជើងទី២ វគ្គសន្សំពិន្ទុនៃពូល C នាយប់មិញនេះ។

កីឡាករ Bernat រកបានគ្រាប់បាល់នាំមុខនៅនាទីទី១៣ ដើមតង់ទី១ឲ្យ PSG គ្រាដែលមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធឆ្នើម Neymar រកបានគ្រាប់ទី២ នៅនាទីទី៣៧ មុនពេល James Milner ទាត់បាល់ប៉េណាល់ទីបានសម្រេច ១គ្រាប់ឲ្យ Liverpool នៅនាទីទី ៤៥+២ បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Parc des Prince ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

នេះជាការសងសឹកបានសម្រេចវិញផងដែរសម្រាប់ PSG បន្ទាប់ពីពួកគេបានបរាជ័យ ២-៣ កាលជើងទី១ ក្នុងទឹកដី Anfield របស់ Liverpool។

រីឯការប្រកូតនៅទឹកដី Stadio San Paolo របស់ក្លឹប Napoli វិញ កីឡាករ Dries Mertens ស៊ុតបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៣៣ និងនាទីទី៥២ មុនពេលមិត្តរួមក្រុម Hamsik រកបាន១គ្រាប់នៅនាទីទី១១ និង ១គ្រាប់របស់ក្រុមភ្ញៀវមកពីស៊ែប៊ី រកបានដោយកីឡាករ Ben Nabouhane នៅនាទីទី៥៧ ក្នុងនាមជាក្រុមហាលអាវមុនគេ។

សម្រាប់ពូល C នេះមិនទាន់រកឃើញក្រុមណាមួយបានឡើងនៅឡើយទេ ដោយត្រូវរង់ចាំការប្រកួតទី៦ សិន ខណៈ Napoli កំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន ដោយមាន៩ពិន្ទុ PSG នៅលេខ២ មាន ៨ពិន្ទុ និង Liverpool នៅលេខ៣ មាន ៦ពិន្ទុ និង Red Star Belgrade នៅបាតតារាង៕