(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ អ្នកសិល្បៈ និងទស្សនិកជន បានធ្វើការអបអរសាទរ ទៅកាន់តារាចម្រៀង លោក ខេមរៈ សិរីមន្ត ក្រោយទទួលបានដំណឹងល្អ ដោយទទួលបានចំណងកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលទើបតែសម្រាលនៅឯមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ខណៈដែលភរិយារបស់លោក សំរាលដោយការវះកាត់ ដោយទទួលបានសុខភាពល្អ ទាំងម្ដាយ និងទារកហើយនោះ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានពោលពាក្យយ៉ាងផ្អែមល្ហែមជាទីបំផុតនៅលើបណ្ដាញសង្គម ទៅកាន់ភរិយាជាទីស្រលាញ់របស់លោក ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង លោក ខេមរៈ សិរីមន្ត បានពោលពាក្យផ្អែមល្ហែមពោរពេញទៅដោយអត្ថន័យ បង្ហាញ​​ភាព​កក់ក្ដៅ​ទៅកាន់ភរិយារបស់លោក ដោយបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា «អរគុណអូន បងស្កប់ស្កល់ណាស់នៅគ្រប់យ៉ាង ដែលអូនផ្ដល់អោយបង ជាពិសេសកូនទាំងបីនាក់របស់យើង»

តាមរយៈសារដែលពោរពេញទៅដោយពាក្យពេចន៍ដ៏មានន័យ របស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ពិសេសអ្នកលេងបណ្ដាញសង្គមជាច្រើន លួចច្រណែនចំពោះក្ដីស្រលាញ់ ដែលលោកមានចំពោះភរិយា និងបានចូលរួមអបអរសាទរ ដល់ក្រុមគ្រួសាររបស់លោក ដែលទើបនឹងទទួលបានសមាជិកថ្មីបន្ថែមម្នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត បច្ចុប្បន្នមានកូន ៣នាក់ហើយ ដោយកូនប្រុស ឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ ៥ឆ្នាំ និង កូនស្រីឈ្មោះ ខេមរៈ ស្រ្ដី មានវ័យជាង ២ឆ្នាំ។ ចំពោះកូនស្រីពៅទើបទទួលបាន មិនទាន់ដឹងថា មានឈ្មោះអ្វីនោះទេ តែបើនិយាយពីមុខមាត់វិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕