(ភ្នំពេញ)៖ ថ្វីត្បិតតែកន្លងមកមានការលើកនិយាយរិះគន់អំពីបញ្ហាទីក្រុងកំពង់សោម អំឡុងពេលដែលសព្វថ្ងៃមានជនជាតិចិនជាច្រើនបាននឹងកំពុងសម្រុកចូលមកស្នាក់នៅ បង្កការលំបាកសម្រាប់ពលរដ្ឋខ្មែរ ដែលមានបំណងទៅដើរលេងកម្សាន្ត ព្រោះតែតម្លៃនៃផ្ទះសំណាក់ សណ្ឋាគារ និងម្ហូមអាហារឡើងថ្លៃនោះ ស្រាប់តែតារាសម្តែងស្រីកញ្ញា សួង សាខារ៉ានី បញ្ចេញអារម្មណ៍ពិត ថាខ្លួននៅតែស្រលាញ់កំពង់សោម។

ជាការពិតតាមការកត់សម្គាល់ការបង្ហោះចែករំលែកនៅលើបណ្តាញសង្គម ពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួន ទាក់ទងនឹងរឿងរ៉ាវសណ្តាប់ធ្នាប់ក្នុងទឹកទីដីទីក្រុងកំពង់សោម។ មិនតែប៉ុណ្ណោះក៏មានខ្លះទៀតក៏លើកនិយាយរិះគន់ពីបញ្ហាជនជាតិចិន ដែលមកស្នាក់នៅទីនោះផងដែរ។

យ៉ាងណាមិញបើងាក់មកចាប់អារម្មណ៍លើតារាសម្តែងស្រីចង្កាស្រួច កញ្ញា សួង សាខារ៉ានីត ឯណោះវិញ ថ្មីៗនេះនាងបានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ក៏ដូចជាសំណើរខ្លះៗ ដើម្បីជាការចូលរួមកែលម្អសោភាណ្ឌភាព និងសណ្តាប់ធ្លាប់នៅទីនោះផងដែរ។ ខណៈ សាខារ៉ានីត ក៏បានប្រកាសពីជំហរថា ខ្លួននៅតែស្រលាញ់ និងបន្តទៅដើរកម្សាន្តនៅកំពង់សោមរហូត។

ស្រីស្រស់ សួង សាខារ៉ានីត បានបន្ថែមថា បើសិនជាអាចធ្វើផ្លូវអោយស្អាត បំពាក់ភ្លើងអមតាមគ្រប់ផ្លូវអោយភ្លឺ និងមានសន្តិសុខល្អបន្ថែមអោយល្អជាងរាល់ថ្ងៃនេះទៅ មិនដឹងជាល្អយ៉ាងណាទេ សម្រាប់ខ្ញុំថ្លៃបន្តិចក៏មិនថ្វី សំខាន់អោយតែស្អាត សុវត្តិភាពខ្ពស់ ក៏អាចទទួលយកបាន ខ្ញុំជាខ្មែរមួយរូប ខ្ញុំមិនចោលកំពង់សោម ខ្ញុំនៅតែស្រលាញ់ ខ្ញុំនៅតែទៅលេងកំពង់សោមរបស់ខ្ញុំ។

សូមបញ្ជាក់ថា តារាសម្តែងកញ្ញា សួង សាខារ៉ានីត កំពុងមមាញឹក និងសិល្បៈកាន់តែមានសន្ទុះខ្លាំងគួរអោយសម្គាល់៕