(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជំនាញកីឡាវាយសីកម្រិតបឋមថ្មីមួយទៀតហើយ ដើម្បីបង្កើនធនធានគ្រូ និងជំរុញការអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីវ័យក្មេង ក្នុងទិសដៅឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំពិធីបើកនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតបឋមនេះ គ្រោងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូខាងមុខ ក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ីលោក Sanbenthan Sivaperumal ដែលជាគ្រូជំនាញរបស់សហព័ន្ធកីឡាវាយសីអាស៊ី ដោយមានសិក្ខាកាមមកពីសហព័ន្ធ សាលារៀន និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តចំនួន ៣៥នាក់ចូលរួម។

ចំពោះគោលបំណងសំខាន់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះត្រូវបានលោក កែវ រស់ សមាជិកប្រតិបត្តិសហព័ន្ធ បញ្ជាក់ថា សហព័ន្ធចង់បង្កើនធនធានគ្រូ ដើម្បីរួមចំណែកបំផុសស្មារតីយុវជនចូលរួមលេងកីឡា ពិសេសសិស្សានុសិស្ស តាមគ្រឹះស្ថានអប់រំនានាចូលរួមលេងកីឡាវាយសីកាន់តែច្រើន ដើម្បីងាយស្រួលក្នុងការចម្រាញ់ធនធានកីឡាករ-កីឡាការិនីឆ្នើម និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករ-កីឡាការិនីជំនាញ សម្រាប់ត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសគឺត្រៀមស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង។

ទន្ទឹមជាមួយគ្នានេះលោក Sanbenthan Sivaperumal បានសម្ដែងនូវក្ដីរីករាយជាខ្លាំង ក្នុងការចែករំលែកចំណេះដឹងនៅកម្ពុជា បន្ទាប់ពីលោកបានសហការ និងធ្វើការងារជាមួយសហព័ន្ធកីឡាវាយសីកម្ពុជាអស់រយៈពេល ៦ឆ្នាំកន្លងទៅ។ ដោយហេតុនេះលោកសង្ឃឹមថា សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមស្វែងយល់នូវមូលដ្ឋានគ្រឹះសំខាន់ៗដែលលោកត្រូវបង្ហាញ ដើម្បីធ្វើជាដើមទុនសម្រាប់រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញកីឡាវាយសីកម្រិតបឋម ឆ្នាំ២០១៨ ក្រៅពីធ្វើការសិក្សាផ្នែកទ្រឹស្ដី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយគ្រូឧទ្ទេសកម្រិតអន្ដរជាតិខាងលើ សិក្ខាកាមក៏ត្រូវចុះអនុវត្តផ្ទាល់ជាមួយសិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ផងដែរ ដើម្បីធ្វើឲ្យការសិក្សាកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ទោ ជាម សុភា៕