(ភ្នំពេញ)៖ ពិធីករ និងជាតារាសម្ដែងភាពយន្ត ដែលត្រូវបានគេស្គាល់ថា ជាកម្លោះពោះម៉ាយ លោក ប៉ែន ចំរ៉ុង បន្ទាប់ពី​លែងលះដាច់ស្រេចជាមួយនឹងអតីតភរិយា អ្នកនាង ភិន សុដាលីស រួចមក ពោះម៉ាយសំបូរស្នេហ៍ពូកែវោហារស័ព្ទរូបនេះ បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងក្រមុំអ្នកខេត្តបាត់ដំបង ដោយទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមដំណឹងល្ហៀងៗបានលេចលឺថា លោក ប៉ែន ចំរុង ថែមទាំងមានគម្រោងដឹកដៃគូស្នេហ៍ ចូលរោងការតាមបែបប្រពៃណី នាឆ្នាំ២០១៩ ខាងមុខនេះទៀតផង។

ជាការកត់សម្គាល់ គេសង្កេតឃើញថា ចំពោះទំនាក់ទំនងស្នេហារវាងលោក ប៉ែន ចំរុង និងគូស្នេហ៍ ហាក់ដូចជាទើបតែសាងនូវរយៈកាលថ្មីៗនេះទេ ប៉ុន្តែមហាជនកត់សម្គាល់ឃើញពីភាពផ្អែមល្ហែមរបស់ពួកគេ កាន់តែល្អូកល្អិនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសលោក ប៉ែន ចំរុង ថែមទាំងពញ្ញាក់អារម្មណ៍របស់គូស្នេហ៍ តាមរយៈការឲ្យចិញ្ចៀនដែលលោកនិយាយថា ជាចិញ្ចៀនសុំរៀបការទៀតផង។

ការលើកឡើងខាងលើនេះ ធ្វើឡើងបន្ទាប់ពីគេបានឃើញលោក ប៉ែន ចំរុង ពញ្ញាក់អារម្មណ៍គូស្នេហ៍នៅចំពោះមុខក្រុមគ្រួសាររបស់លោក។ ជា​មួយគ្នានេះផងដែរ មានការលើកឡើងថា ចំណងស្នេហ៍របស់លោក ប៉ែន ចំរុង លើកនេះមិនមែនជាការលេងសើចនោះទេ។ បើតាម​គម្រោង​លោក ​នឹង​ដឹក​ដៃ​នារី​ជា​អ្នក​ខេត្តបាត់ដំបង​ចូល​រោងការ​នៅ​ឆ្នាំក្រោយនេះ ប៉ុន្តែគ្រាន់តែ​មិនទាន់​បញ្ជាក់​ពី​ពេលវេលាច្បាស់លាស់។ យ៉ាងណាមិញ ទោះបីជាមិនទាន់រៀបការពិតមែន តែកន្លងមកអ្នកទាំងពីរតែងហៅគ្នាជាប្តីប្រពន្ធរួចទៅហើយ ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបថតផ្អែមល្ហែម​ជាច្រើន​ ដោយ​មិនមាន​ការលាក់លៀម​ដូច​មុន​ទេ៕