(កូរ៉េ)៖ Kwanghee គឺជាតារាសម្តែង តារាចម្រៀង និងជាតារាទូរទស្សន៍ដ៏ល្បីម្នាក់នៅកូរ៉េខាងត្បូង។ តារាប្រុសរូបនេះនឹងវិលត្រឡប់មកពីការបំពេញកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបម្រើការងារនេះអស់រយៈពេលប្រមាណ ១ឆ្នាំនិង៩ខែ។ Kwanghee បានចូលបម្រើក្នុងជួរយោធាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដែលពេលនោះលោកមិនបានអញ្ជើញនរណាម្នាក់ មកកាន់ជំរំបណ្តោះអាសន្នរបស់ខ្លួនទេ ហើយបានចុះឈ្មោះចូលបម្រើទ័ព ក៏ពុំមានសារព័ត៌មានណាមួយរាយការណ៍ដែរ។

គួរបញ្ជាក់ថា តារាប្រុសរូបនេះបានបង្ហាញខ្លួនចាប់អាជីពក្នុងវិថីសិល្បៈ នៅក្នុងឆ្នាំ២០១០ ជាសមាជិករបស់ ZE:A ហើយលោកត្រូវបានគេស្គាល់យ៉ាងច្បាស់ ក្នុងនាមជាសមាជិកម្នាក់នៃកម្មវិធីដ៏ពេញនិយម "Infinite Challenge" ចាប់ពីឆ្នាំ២០១៥ រហូតដល់ពេលចូលបម្រើយោធា៕