(ភ្នំពេញ)៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង ពេលនេះកំពុងត្រូវបានក្លឹបក្រសួងការពារជាតិ ចរចាជាមួយក្លឹបមួយ នៃលីគទី២ ឥណ្ឌា គឺក្លឹប FC Imphal City ខណៈលទ្ធផលព្រមព្រៀង ឬអត់អាចនឹងដឹងក្នុងពេលឆាប់ៗ បន្ទាប់ពីភាគីទាំងពីរ បានឈានដល់ដំណាក់កាលចរចារឿងប្រាក់ខែ។ នេះបើតាមការបង្ហើបរបស់លោក ភា សុភ័ក្ដ្រា គ្រូបង្គោលក្លឹបក្រសួងការពារជាតិ។

ម្ចាស់ពានគ្រូបង្វឹកឆ្នើមប្រចាំពានសម្ដេចតេជោ ហ៊ុន សែន រូបនេះ បានបង្ហោះសារលើគណនីហ្វេសប៊ុកលោកយប់មិញថា «ចុមចង់លេងមែនទេ I am the owner of FC Imphal city India football club ចង់បានប្រធានក្រុមក្លឹបក្រសួងការពារជាតិ សំខាន់ពេលនេះ ម៉ោងជិត ១រំលងអាធ្រាត កំពុងឆាតចរចាប្រាក់ខែ»។ សារនេះសបញ្ជាក់ឲ្យឃើញថា ការចរចារវាងក្លឹប និងក្លឹប បានត្រូវរ៉ូវគ្នាហើយ គ្រាដែលលទ្ធផលចុងក្រោយ រង់ចាំតែការចរចាប្រាក់ខែរវាងក្លឹប និងក្លឹប រួមទាំងសាមីខ្លួនផ្ទាល់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការទម្លាយព័ត៌មានដ៏រសើបនេះ ធ្វើឡើងស្របពេល រ៉ឹង ប៊ុនហៀង ទើបតែត្រូវបានអ្នកគាំទ្រមួយចំនួនធំ បានធ្វើការរិះគន់ភ្លូកទឹកភ្លូកដី ក្រោយបញ្ចប់ទីមិនបានល្អ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក ពិសេសជំនួបបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 ទល់នឹងម៉ាឡេស៊ីតែម្ដង ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏មិនអាចរារាំងការចង់បានរបស់ក្លឹប FC Imphal City ដើម្បីនាំយកប្រធានក្រុមក្រសួងការពារជាតិរូបនេះ ទៅលេងនៅឥណ្ឌាបានដែរ៕