(ភ្នំពេញ)៖ ឪពុករបស់តារាចម្រៀង និង តារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន បានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា វេលាម៉ោង ១០និង២០នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយសារតែជំងឺគាំងបេះដូង។

តាមប្រភពព័ត៌មានស្និទ្ធស្នាលនឹងអ្នកនាង ឆៃលី ដាឡែន បានឲ្យដឹងថា ឪពុកនាងគឺជាម្ចាស់វង់តន្រ្ដីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសភាពសកម្មចេញភ្លេងមិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្ត នៅពេលឪពុកតារាសម្ដែងរូបនេះមានជំងឺគាំងបេះដូង។

អមដោយភាពសោកសៅ ចំពោះការបាត់បង់ឪពុក អ្នកនាង ឆៃលី ដាឡែន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ប៉ា ខ្ញុំតែងតែមានប៉ាជាកំលាំងចិត្តរបស់កូន ហេតុអីប៉ាទៅចោលកូន ប៉ាហេតុអីប៉ាទៅចោលម៉ាក់អញ្ចឹង ប៉ាតស៊ូជាមួយម៉ាក់ដើម្បីកូនៗយូរមកហើយ ហេតុអីប៉ាមិនព្រមនៅជាមួយម៉ាក់ ដើម្បីឲ្យកូនបានមើលថែវិញ ពេលនេះប៉ាទៅចោលកូនហើយ ប៉ាទៅដោយមិនត្រឡប់មកវិញទេ សុំអោយវិញាណខន្ត័ប៉ាទៅកាន់សុគតិភព»

សូមជម្រាបថា ពេល​នេះ​សព​ឪពុក​របស់តារាចម្រៀង និងតារាសម្ដែង អ្នកនាង ឆៃលី ដាឡែន បានតម្កល់​ធ្វើ​បុណ្យ​នៅ​ខេត្ត​បាត់ដំបង ខណៈ​ថ្ងៃ​ដែល​ត្រូវ​បូជា​គឺ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕