(កូរ៉េ)៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ មានការបង្ហោះមួយនៅក្នុងសហគមន៍អនឡាញ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសារដែលបង្ហោះនោះសរសេរថា "ឪពុកម្តាយតារាចម្រៀង K-Pop ដ៏ល្បី Rain បានគេចវេះ មិនសងបំណុលរបស់ពួកគេទេ"។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា អ្នកបង្ហោះសារនេះគឺជាកូនរបស់អ្នក ដែលបានផ្តល់ប្រាក់ទៅឲ្យឪពុកម្តាយរបស់ Rain ខ្ចី ហើយ​តាមរយៈអត្ថបទសារក៏បានពន្យល់យ៉ាងលម្អិត ពីរបៀបដែលឪពុកម្តាយ របស់ Rain សុំខ្ចីប្រាក់ និងគេចមិនព្រមសងត្រឡប់មកវិញ។ អ្នក​ប្រើប្រាស់បណ្តាញសង្គមបានរៀបរាប់ថា "នៅឆ្នាំ ១៩៨៨ ឪពុកម្តាយរបស់តារាចម្រៀងរូបនេះបានបើកហាងលក់នំខេកផលិតពីអង្ករនៅផ្សារ Yongmun ហើយពួកគេបានសុំខ្ចីអង្ករសរុបជាតម្លៃប្រមាណ ១៧លានវ៉ុន និងសាច់ប្រាក់ ៨លានវ៉ុនទៀត។ ពួកគេក៏បានបាត់ខ្លួនបន្ទាប់ពីនោះ តែក្រោយមកយើងបានសុំឲ្យពួកគេសងប្រាក់វិញ ប៉ុន្តែឪពុកម្តាយរបស់ Rain មិនដែលបង់ប្រាក់សំណងទេ ហើយយើងក៏មិនអាចទាក់ទងពួកគេបានទៀតដែរ។ ដោយសារតែប្រាក់នោះយើងតស៊ូច្រើនណាស់ ប៉ុន្តែ Rain ហាក់ដូចជារស់នៅដោយសុខសាន្ត"។

តាមរយៈសារនេះ គេរង់ចាំមើលថាតើតារាចម្រៀងកូរ៉េដ៏ល្បីរូបនេះនឹងបញ្ចេញប្រតិកម្ម បែបណាចំពោះការចោទប្រកាន់ទៅលើឪពុកម្តាយរបស់លោក?