(ភ្នំពេញ)៖ ក្រោយពេលលោក ហេង ឡុង បង្ហាញពីចេតនាចង់រំដោះ (ធានា) គ្រូសិល្ប៍ ដែលធ្លាប់មានឈ្មោះល្បី ថាកាប់មិនមុតដុតមិនឆេះ អគ្គីនេត្រ ​ឲ្យចេញពីគុក ដើម្បីទទួលបានឱកាសកែប្រែខ្លួនជាថ្មី ក្រោយជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជួញដូរគ្រឿងញៀនមក ​ស្រាប់តែអតីតតារាសម្ដែងស្រី សិចស៊ី អ្នកនាង ស្រីម៉ុច ក៏បានបញ្ចេញមតិមិនពេញចិត្ត ចំពោះការប្រកាសរបស់លោក ហេងឡុង ភ្លាមៗតែម្ដង។

ជាក់ស្ដែង «សុំទោសគ្រប់គ្នា ជាអ្នកគាំទ្របង ហើយខ្ញុំក៏សូមទោស​បងផ្ទាល់ដូចគ្នា គ្រប់ពេលខ្ញុំគោរពការងាររបស់បងណាស់ តែលើកនេះ ខ្ញុំសុំបញ្ចេញមតិបន្តិចហើយបង ក្នុងនាមខ្ញុំជាប្រជាពលរដ្នម្នាក់ដែរ។ អ្នកណាក៍ចេះធ្វើខុស តែកំហុសខ្លះគឺមិនអាចលើកលែងបានទេ ព្រោះវាជាច្បាប់ដែលបានចែង ហើយក៏ត្រូវតែគោរពវា បើមិនដូច្នេះទេ គេគ្រប់គ្នានឹង​មិនជឿលើច្បាប់ទៀតទេ។ ហើយគាត់ជាប់គុកនេះ វាល្អហើយសំរាប់កំហុស ដែលគាត់បានធ្វើ ចឹងគាត់ហ្នឹងរៀនសូត្រនូវកំហុសរបស់គាត់ នឹងធ្វើអោយគាត់កែខ្លួនទៅថ្ងៃក្រោយ »

អតីតតារាសម្ដែងស្រី សិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូងរូបនេះ បានបន្ថែមទៀតថា «ខ្ញុំគិតថា បងមិនបាច់ ទៅធានាគាត់ ដើម្បីអោយគាត់ មកកែខ្លួន នៅខាងក្រៅទេ វាជាគំរូ មិនល្អដល់អ្នកដទៃ ខ្ញុំដឹងថា បងមានទឹកចិត្តល្អ ចឹងកុំធ្វើអោយអ្នកដទៃ មិនគោរព នៅទឹកចិត្តទាំងនោះ។ គ្រឿងញៀន វាខ្លាំងជាងការស្លៀក សិចស៊ី ទៅទៀត បើតាមការយល់ដឹង របស់ខ្ញុំ សុំទោសបង បើខ្ញុំនិយាយអ្វី ខុសឆ្គងព្រោះខ្ញុំរៀនបានតិច ។ ហើយសង្ឃឹមថា account របស់បងមួយនេះ ត្រូវបានគេ hack ដូចរាល់ដងនៅពេល មានអីចម្លែកៗ បងប្រាប់ថា ត្រូវបានគេ hack ព្រោះខ្ញុំ មិនចង់អោយនរណាម្នាក់ បាត់ជំនឿលើបងទេ ព្រោះបងជាមនុស្ស ដែលខ្ញុំគោរព នូវរាល់សកម្មភាព របស់បងកន្លងមក»

គួរបញ្ជាក់ថា ការចេញមុខបញ្ចេញមតិ ហាក់បង្ហាញពីអារម្មណ៍មិនពេញចិត្តពីសំណាក់ អ្នកនាង ស្រីម៉ុច លោក ហេង ឡុង គឺបន្ទាប់ពីនាង បានដឹងថា លោកមានបំណងចង់ធានាលោក អគ្គីនេត្រ ឲ្យចេញក្រៅឃុំ ក្រោយជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជួញដូរគ្រឿងញៀន ទើបធ្វើឲ្យតារាស្រីរូបនេះមិនពេញចិត្ត ក៏ដូចជាមិនគាំទ្របែបនេះ៕