(ភ្នំពេញ)៖ ស្របពេលដែលមានដំណឹងរបស់សិល្បករជើងចាស់ខ្មែរចំនួនពីររូបគឺអ្នកគ្រូ គង់ ណារី និងតារាកំប្លែងនាយ ក្តឹប បានធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យភ្លាមៗនោះ គេកត់សម្គាល់ឃើញមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីព្រួយបារម្ភ ភ្ជាប់ជាមួយការផ្ញើសារជូនពរឲ្យពួកគាត់ឆាប់ជាសះស្បើយពីជំងឺទៀតផង។

ដោយឡែកមិនខុសគ្នាពីប្រជាពលរដ្ឋអ្នកគាំទ្រនោះទេ បន្ទាប់ពីទទួលបានព័ត៌មាននៃការធ្លាក់ខ្លួនឈឺ និងដោយមានក្តីអាណិតអាសូរចំពោះសិល្បករខ្មែរទាំងពីររូបខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានរៀបចំជាអំណោយ និងថវិការមួយចំនួនទៀត ដើម្បីឧត្ថម្ភជួយសម្រួលការលំបាករបស់ក្រុមគ្រួសារ នាយក្តឹប និងអ្នកគ្រូ គង់ ណារី ផងដែរ។

កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន នារីសោភ័គ្រ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយធ្វើការផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះសិល្បករជើងចាស់ទាំងពីរនាក់ ដែលធ្លាប់មានទេពកោសល្យ និងបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។

បានលើកឡើងថា ជាមួយគ្នានេះលោកជំទាវក៏បានផ្តាំផ្ញើឲ្យតារាសិល្បៈជើងចាស់ទាំងពីររូបខាងលើ ខិតខំបំប៉នសុខភាពឲ្យបានល្អ និងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរឆាប់បានជាសះស្បើយពីជំងឺឡើងវិញ។

សូមបញ្ជាក់ដែរថា ក្រៅពីកាកបាទក្រមកម្ពុជា រយៈពេលដែលសិល្បករទាំងពីរឈឺ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនជាច្រើនដូចជា៖ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា, លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ និងសិល្បករជាច្រើនរូបទៀតផង៕