(ភ្នំពេញ)៖ កីឡាករខ្សែបម្រើវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានបង្ហាញអារម្មណ៍ខកចិត្ត ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់អាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨ ខណៈ ក្រុមគោព្រៃមួយនេះមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន។

ខ្សែបម្រើកណ្តាល ប៉ូលីន បានសំដែងការសោកស្តាយសម្រាប់ជម្រើសជាតិកម្ពុជា ក្នុងការបាត់បង់ឱកាសក្នុងការឡើងទៅវគ្គបន្ត ក្នុងពានរង្វាន់ផ្លូវការមួយនេះ។ ប៉ូលីន បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សោកស្តាយដែលយើងមិនអាចទៅវគ្គបន្ទាប់។ ក្រុមរបស់យើងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នោះទេ ។ ជាចុងក្រោយនេះ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រខ្ញុំ ក៏ដូចជាក្រុមរបស់កម្ពុជាយើង»

អ្វីដែលសំខាន់បន្ថែមទៀតផងនោះ ប៉ូលីនបានយល់ឃើញថា «ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្នាមួយរយៈនេះ ក្រុមរបស់យើងមានការយល់ចិត្តគ្នាច្រើន ហើយយើងម្នាក់ៗពិតជាប្រឹងប្រែងខ្លាំងណាស់ និងខំប្រឹងធ្វើតាមអ្វីដែលគ្រូចង់បាន យើងត្រូវការកែតម្រូវបន្ថែមទៀត ដើម្បីក្រុមរបស់យើងឲ្យកាន់ប្រសើរឡើងជាងនេះទៅទៀត»

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ៤ប្រកួតកន្លងមក ក្រុមគោព្រៃកម្ពុជា ឈ្នះតែ១ប្រកួតប៉ុណ្ណោះ គឺក្នុងជ័យជម្នះ ៣-១ ទៅលើក្រុមឡាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕