(ភ្នំពេញ)៖ ពិតជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ស្របពេលលោក ហេង ឡុង បានប្រកាសបង្ហាញពីចេតនាចង់រំដោះ (ធានា) គ្រូសិល្ប៍ដែលធ្លាប់មានឈ្មោះល្បីថាកាប់មិនមុតដុតមិនឆេះ អគ្គីនេត្រ ចេញពីគុក។

ជាមួយគ្នានៃការប្រកាសរបស់លោកហេងឡុង ដើម្បីធ្វើការស្ទង់មតិស្វែងរកការគាំទ្រពីសំណាក់មហាជននេះ ភ្លាមៗនោះបានបង្កឲ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។ មិនតែប៉ុណ្ណោះក៏មានការបញ្ចេញទស្សនៈមួយចំនួន ធ្វើការរិះគន់ចំពោះការលើកឡើងរបស់លោក ហេង ឡុង ផងដែរ។

ផ្អែកតាមសំណេរសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពមួយសន្លឹករបស់លោក ហេង ឡុង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្តែងៗបែបនេះថា «តើបងប្អូនគាំទ្រទេបើខ្ញុំធានាគ្រូអគ្គីនេត្រចេញពីគុក?មួយជីវិតគាត់មានស្នាដៃតែក្នុងរឿង បន្តោងឆ្នាំងដី តែប៉ុណ្ណោះ កំព្រាឪពុកម្តាយតាំងមិនទាន់ដឹងក្តី លួចរៀនតាមបង្អួច លោកយាយគាត់បានយំប្រាប់ខ្ញុំហើយ»

លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍របស់តារាស្រីចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយបញ្ជាក់បន្ថែមទៀតថា បើបានចំនួនអ្នក ៥000share ខ្ញុំនឹងធានាគាត់ចេញ មនុស្សណាក៏ធ្លាប់ខុសដែរ តែសំខាន់មានឱកាសហើយកែរខ្លួនឬអត់?។

ក្រោយការលើកឡើងរបស់លោក ហេង ឡុង ខាងលើនេះដែរ ភ្លាមៗនោះមានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិរិះគន់ស្រដៀងគ្នា ថាតើនឹកឃើញយ៉ាងមិចទើបផុសសុំបែបនេះ? មនុស្សខុសជាប់គុកលោកចង់ធានាចេញក្រៅគុកដោយហេតុផលព្រោះអាណិត មានអ្នកផ្សេងច្រើនណាស់ដែលគួរអោយអាណិតជាងអាមួយនេះឆ្ងាយណាស់ ហើយមិនប្រព្រឹត្តរឿងអាក្រក់ដូចវាផងមិចមិនមានចិត្តចង់ជួយផងទៅ។ទោះឋានៈលោកឯងជាអ្វីក៏ដោយ ក៏មិនគួរចេញមុខស្នើសុំដោះលែងអ្នកទោសចេញពីគុកអញ្ចឹងដែរ អស្ចារ្យពេកហើយលោក។

ចំណែកឯខ្លះទៀតក៏បាននិយាយដែរថា ខ្ញុំគិតថាទុកលុយឬយកទៅជួយជនក្រីក្រតោកយាកវិញល្អជាង ហើយបានបុណ្យទៀតបង ទុកឲ្យគាត់ជាប់តាមពេកវេលាកំណត់ទៅចុះព្រោះគាត់នៅក្មេងដែរ ពេលដល់កំណត់គេដោះលែងក៏គាត់មិនទាន់ចាស់អីដែរ។ ចុះខំយកលុយទៅធានាដោះលែងគាត់មកហើយគាត់មិនព្រមកែគិតមិចវិញ មនុស្សយើងមើលចិត្តមិនធ្លុះទាំអស់ទេ បងធ្វើអ្វីត្រូវគិតឲ្យច្បាស់នេះជាគំនិតខ្ញុំ។

គួររំលឹកថាជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យក.៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម៕