(ភ្នំពេញ)៖ គុនខ្មែរចម្រុះកីឡាករ ចាន់ រតនា ត្រូវប៉ះជើងខ្លាំងឥណ្ឌូនេស៊ី ABRO FERNANDES គ្រាដែលកីឡការិនី  ឯម សុវណ្ណារី នឹងត្រូវប៉ះកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងប្រភេទទម្ងន់ Flyweight តំណាងឲ្យកម្ពុជានៅក្នុង កម្មវិធីប្រដាល់ ONE Championship នៅថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ នាទីក្រុង KUALA LUMPUR ប្រទេស ម៉ាឡេស៊ី។

កីឡាករ រតនា បានប្រាប់ថា ខ្លួនបានព្យាយាមពង្រឹងកម្លាំងឡើងវិញ ដ្បិតខកខានឡើងសង្វៀនយូរ រីឯចំណែក សមត្ថភាពដៃគូវិញកីឡាកររូបនេះថា មិនបានផ្តោតទេ ពោលគឺមានតែការវិវត្តន៍ខ្លួនសម្រាប់ត្រៀមការប្រកួតនេះ ខណៈកីឡាកររូបនេះធ្លាប់ប្រកួត ឈ្នះ៤ដង ចាញ់៣ដង គា្រដែលកីឡាករឥណ្ឌូនេស៊ី ABRO ធ្លាប់ប្រកួតឈ្នះ ៧ដង មិនដែលចាញ់។

រីឯកីឡាការិនី ឯម សុវណ្ណារី មានវ័យ ២៦ឆ្នាំកូនកាត់កម្ពុជា-អាមេរិក នេះជាសង្វៀនលើកទី៣ បច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លឹប Fight Science រដ្ឋឡូសអេជឺឡេស។ សម្រាប់ការប្រកួតរបស់នាងធ្លាប់ផ្តួលដៃគូរត្រឹមតែ ១៨ ទៅ៧៩ វិនាទីក្នុង ១ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញការប៉ះជើងខ្លាំងរបស់អ៊ុយក្រែនម្ដងនេះមិនស្រួលប៉ុន្មានទេ ដោយសារដៃគូកីឡាការិនី Iryna មានបទពិសោធន៍ក្នុងការប្រកួតច្រើនជាងដល់ទៅ ១៤ដង៕