(បាងកក)៖ វគ្គសន្សំពិន្ទុក្នុងពូលទាំងពីរត្រូវបានបញ្ចប់ជាស្ថាពរហើយនារាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 ដោយមានក្រុមបាល់ទាត់ជម្រើសជាតិថៃ និងហ្វីលីពីន ចេញពីពូល B ដែលត្រូវប្រកួតខ្វែងពូលទល់នឹងពូល A ដែលមានវៀតណាម និងម៉ាឡេស៊ី។

ក្រុមដំរីថៃ បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ប្រចាំពូល B ដែលបានបំបាក់គូប្រជែងសិង្ហបុរី ៣-០ ដែលជាជ័យ លើកទី៣ និងស្មើ១ ក្នុងចំណោម ៤ប្រកួត ស្របពេលហ្វីលីពីន ឈរនៅលេខ២ មាន៨ពិន្ទុ ដោយបានលេងស្មើជាមួយ ឥណ្ឌូនេស៊ី ០-០ នាយប់មិញនេះដូចគ្នា ទម្លាក់សិង្ហបុរី ឥណ្ឌូនេស៊ី និងទីម័រខាងកើត ត្រឡប់ទៅផ្ទះវិញ។

យ៉ាងណាមិញ សម្រាប់វៀតណាមដែលស្ថិតក្នុងពូល A ជាមួយកម្ពុជាវិញនោះ ក៏មានស្ថិតិដូចទៅនឹងក្រុមថៃដែរ ពោលគឺរកបាន ១០ពិន្ទុក្នុងចំណោម ៤ប្រកួតវគ្គសន្សំពិន្ទុរបស់ពួកគេ ដែលត្រូវឡើងទៅប៉ះហ្វីលីពីន ដែលជាក្រុមលេខ២ នៃពូល B និងក្រុមលេខ២ ម៉ាឡេស៊ី ត្រូវប៉ះក្រុមខ្លាំងថៃ គ្រាដែល៣ក្រុមមិនអាចបន្តដំណើរទៅ មុខទៀតបានរួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

សម្រាប់វគ្គ ៤ក្រុមចុងក្រោយនឹងចាប់ផ្តើមប្រកួតជើងទី១ នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ រវាងម្ចាស់ផ្ទះម៉ាឡេស៊ី ប៉ះថៃ មុនពេលហ្វីលីពីនប៉ះវៀតណាម នៅថ្ងៃទី០២ ខែធ្នូ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨៕