(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានបើកកម្មវិធីធ្វើតេស្ដកីឡាករ ដើម្បីចម្រាញ់យកអ្នកមានសមត្ថភាពល្អ ក្លាយជាសមាជិកផ្លូវការសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ ដោយភាគច្រើនមានតែយុវជន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងការផ្ដល់ឱកាសដល់កីឡាករក្មេងៗមិនសូវបានបង្ហាញសមត្ថភាព និងដើម្បីតម្រូវការទៅតាមក្របខណ្ឌលីគកំពូលកម្ពុជា ដូច្នេះក្លឹបនឹងព្យាយាមធ្វើ ទោះបីបានកីឡាករច្រើនឬតិចក្តី។ ថ្ងៃដំបូង ក្លឹបផ្ដោតលើកម្លាំងសុទ្ធ និងថ្ងៃទី២ ផ្ដោតលើបច្ចេកទេស។

អ្វីដែលសំខាន់ផងនោះ ក្នុងចំណោមបេក្ខជនធ្វើតេស្ដជាង១០០នាក់កាលថ្ងៃសៅរ៍ ទី២៤ និងថ្ងៃទី២៥ ខែវិច្ឆិកា លើទីលានវិទ្យាល័យឥន្ទ្រីទេវី ភាគច្រើនគឺជាយុវជន មិនធ្លាប់ប្រកបជាកីឡាករអាជីពកន្លងមក។ នេះបើតាមសំដីរបស់លោក សុក វាសនា គ្រូបង្គោលក្លឹបអាស៊ីអឺរ៉ុប យូណាយធីត។

សូមបញ្ជាក់ផងដែរថា លោក សុក វាសនា បាននិយាយថា កូនក្រុមពីរដូវកាលឆ្នាំ២០១៨ កន្លងទៅ នៅសល់ប្រមាណជាង១០នាក់ ដោយអ្នកខ្លះផ្លាស់ទ្រនំថ្មី និងមួយចំនួនទៀតបានបញ្ចប់អាជីព៕