(ភ្នំពេញ)៖ បើនិយាយពីឈ្មោះតារាសម្ដែង ឌុច សោភា ទស្សនិកជនពិតជាបានស្គាស់នាងច្បាស់ជាមិនខាន តាមរយៈការសម្ដែងចម្រៀងខារ៉ាអូខេ សម្ដែងភាពយន្ត និងសកម្មភាពក្នុងការងារសិល្បៈ ជាច្រើនទៀត។ ឌុច សោភា ត្រូវបានមហាជនដឹងថា ​នាងបានរៀបការប្តី កាលពីឆ្នាំ ២០០៩ ជាមួយមន្ត្រីប៉ូលិសច្រកព្រំដែនបាវិត លោក ពៅ សីហា តែបានលែងលះគ្នាយ៉ាងទាន់ហន់ ក្រោយពួកគេរួមរស់បានជាង២ឆ្នាំ ដោយទទួលបានកូនប្រុសម្នាក់ ជាចំណងដៃ។

បន្ទាប់ពីចែកផ្លូវគ្នា ជាមួយប្ដីជាមន្រ្តីប៉ូលិស ឌុច សុភា ​​ត្រូវបានលោកផ្កាយ២ម្នាក់ ឆក់យកបេះដូងទៅស្អំរបួស ជាមួយកាដូវីឡាយ៉ាងប្រណីត តម្លៃជាង២០ម៉ឺនដុល្លារ នៅភូមិបៃតងភ្នំពេញថ្មី និងរថយន្ត ​Range Rover ​តម្លៃជាង១០ម៉ឺនដុល្លារ ធ្វើឲ្យអតីតប្តីនាង ស្រឡាំងកាំងតែម្ដង។ ប៉ុន្តែភ្លាមៗនោះ ​ឌុច សុភា បានរងភាពអាម៉ាស់ ព្រោះត្រូវ​ភរិយាដើមលោកផ្កាយ២នោះ ចេញមុខបកអាក្រាតថា នាងបោកប្តីគាត់បានលុយ មិនក្រោម១លានដុល្លារឡើយ។ ប៉ុន្តែត្រូវបាននាងបដិសេធចោល ហើយរឿងរ៉ាវទាំងអស់នោះ ក៏បានស្ងប់ស្ងាត់ទៅវិញ។

អ្នកមេម៉ាយចាយរាង ឌុច សុភា ត្រូវបានលោកធំផ្កាយ​២នោះ ​ឃុំក្នុងទ្រុងស្នេហ៍ជាង៥ឆ្នាំ ទើបតែនៅឆ្នាំ២០១៨ នេះទេ មហាជនបានប្រទះឃើញ​នាង បានបង្ហាញវត្តមានវិលចូល​សិល្បៈវិញ តាមរយៈការចាប់អាជីពចាស់ គឺថតកុនឲ្យផលិតកម្ម ហង្សមាស ទើបធ្វើឲ្យមានមិត្តភក្តិរបស់នាងជាច្រើននាក់ បានសម្តែងការអបអរសាទរ ដោយអះអាងថា ពេលនេះ សុភា «រួចពីទ្រុងស្នេហ៍» លោកផ្កាយ២នោះ ហើយមានសិទ្ធិសេរីភាព ដូចដើមវិញ ក្នុងសង្វៀនសិល្បៈ។

សូមបញ្ជាក់ថា អ្នកមេម៉ាយរូបស្រស់ ឌុច សុភា កំពុងសម្ងំថតរឿង «ខ្ញុំមានញាណលើស» ដែលមានតួឯក សុខ ស្រីនាង ប៉ះគ្នាជាមួយ ឆន សុវណ្ណរាជ និងណុប បាយ៉ារិទ្ធ។ នេះជាភាពយន្តទី២ របស់ ឌុច សុភា នៅផលិតកម្មហង្សមាស ក្រោយពេលនាងវិលចូលសិល្បៈជាថ្មីនេះ ហើយនាងសម្តែងជាតួម្តាយគេ បន្ទាប់ពី​បានថតចប់រឿង «ផ្កាថ្ម» ដែលទទួលបានការទាក់ទាញច្រើន និងកំពុងដាក់បញ្ចាំង។

តាមព័ត៌មានបានឲ្យដឹងថា ឌុច សុភា ត្រូវបានលោកថៅកែក្រុមហ៊ុនហង្សមាស ពេញចិត្តសមត្ថភាពរបស់នាង ដែលសម្តែងយ៉ាងមានទេពកោសល្យ ទើបរឿងភាគក្រោយៗ ក៏មាន ឌុច សុភា លេងជាបន្តបន្ទាប់ ឲ្យផលិតកម្មមួយនេះផងដែរ៕​