(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យចាប់អារម្មណ៍ទៀតហើយ សម្រាប់តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ពេជ្រ សោភា ខណៈដែលថ្មីៗនេះ បានលេចឮនូវព័ត៌មានរសើបមកថា គូស្នេហ៍ធ្លាប់តែផ្អែមល្ហែមជាមួយគ្នា គឺលោក ឆឹម សក្កដា បានលបលួចមានស្នេហាថ្មីចោលរូបនាង ធ្វើឲ្យ ពេជ្រ សោភា ក្ដៅស្លឹកត្រចៀក ឆេះដុំភ្លើងផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះដំណឹងនេះ ហើយចាត់ទុកថា ជាដំណឹងមានចេតនាចង់បំបែកបំបាក់រូបនាងនិងគូស្នេហ៍ឲ្យមានភាពល្អក់កករនឹងគ្នា។

​ពេជ្រ សោភា  ហាក់​មិនសប្បាយចិត្តថា ​នាងពិតជាមានការអាក់អន់ស្រពន់ចិត្ត ចំពោះដំណឹងទាំងនេះ​ខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ និងយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឲ្យនាង និងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តង បាន​គេសប្បាយចិត្ត។ អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ឲ្យដឹងថា នាងពិតជាហួសចិត្តខ្លាំង ចំពោះអ្នកដែល​ដើរនិយាយបែបនេះចេញមក ទាំងដែលនាង និងគូស្នេហ៍មិនបានដឹងខ្លួនទាល់តែសោះ។ ប៉ុន្តែនាងបានជឿជាក់លើគូស្នេហ៍ ជាមនុស្សមានចិត្តស្មោះ ហើយអ្នកដែលនិយាយនោះ អាចនិយាយមួយសេរីទៀត ក៏បានដែរ ព្រោះអ្វីដែលសំខាន់ គឺពួកគេទាំងពីរនាក់យល់ចិត្តគ្នាច្បាស់។ ​

អ្វីដែលគួរឲ្យកត់សម្គាល់​ លើការសង្ស័យថា ពេជ្រ សោភា ប្រឈមការចែកផ្លូវគ្នាជាមួយ ឆឹម សក្កដា នៅពេលនេះ គឺចំពេលដែលអ្នកទាំង​២ លែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នា​ដូចមុនទៀត ហើយលែងទាំងបណ្តើរគ្នា​ ​ទៅចូលរួមកម្មវិធីអ្នកសិល្បៈទៀតផង គឺពួកគេបែរជាដើរផ្សេងៗគ្នាទៅវិញ ទើបធ្វើឲ្យចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែម ប្រែទៅជាសោះកក្រោះ​អស់រលីង ហើយត្រូវបានអ្នកគាំទ្រ តែងតែសង្ស័យថា ជាស្នេហាក្លែងក្លាយ។​

​ទោះបីជាយ៉ាងណា ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហារវាងនាង និងប្រុសក្មេង ឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលនោះទេ គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងជ័យប៉ុណ្ណោះ ខណៈដែលការងារសិល្បៈ និងមុខជំនួញធ្វើឲ្យពួកគេរវល់រៀងៗខ្លួន ពុំមានពេលវេលាគ្រប់គ្រាន់ ទើបពិធីចូលរោងការមិនទាន់គិតដល់៕ ​