(កូឡាឡាំពួរ)៖ លទ្ធផលចាប់ពូលប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2019 បានចេញហើយ ដោយបែងចែកជា ៦ពូល ខណៈក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺក្រុមណាហ្គាវើល ស្ថិតក្នុងពូលF ជាមួយក្រុមជើងខ្លាំងក្នុងតំបន់អាស៊ាន ៣ក្រុមទៀត។ នេះបើយោងតាមលទ្ធផលចាប់ឆ្នោត ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់ ណាហ្គាវើល គឺស្ថិតក្នុងពូល F ជាមួយក្រុមជើងឯកលីគកំពូលវៀតណាម Hanoi FC, ក្រុមជើងឯករងលីគកំពូលសិង្ហបុរី Tampines Rovers និងក្រុមជើងឯកលីកគំពូលមីយ៉ាន់ម៉ា Yangon United ឬក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលមីយ៉ាន់ម៉ា Zwekapin United ខណៈការប្រកួតគ្រោងចាប់ផ្ដើម នាដើមខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០១៩ខាងមុខ ដោយប្រើរូបមន្ដប្រកួតវិលជុំក្នុងដី និងក្រៅដី(Home/Away)។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលក្រុមណាហ្គាវើល បានចូលរួមប្រកួតក្នុងវគ្គចែកពូល បន្ទាប់ពីបានលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ តែគឺជាក្រុមកម្ពុជាទី២ បន្ទាប់ពីក្រុមបឹងកេត ដែលធ្លាប់បានឡើងវគ្គចែកពូល កាលពីឆ្នាំមុន ។ រីឯលទ្ធផលប្រកួតពានរង្វាន់ AF Cup ឆ្នាំ២០១៨ គឺក្រុម Al-Quwa Al-Jawiya នៃលីគកំពូលអ៊ីរ៉ាក់ បានគ្រងតំណែងជើងឯក ហើយក៏ជាឆ្នាំទី របស់ពួកគេផងដែរ បន្ទាប់ពីយកឈ្នះក្រុម Altyn Asyr  នៃលីគកំពូលទួរមេនីស្ថាន ដោយលទ្ធផល ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងខែតុលាកន្លងទៅ៕