(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Jose Mourinho បានធ្វើការព្យាករណ៍ថា Manchester United អាចបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៤ នៅ Premier League មុនបញ្ចប់ឆ្នាំ២០១៨ នេះ។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះ បានថ្លែងប្រាប់ BBC ថា «ខ្ញុំដឹង វាជាការប្រជែងខ្លាំងក្លាមួយ ខណៈដែលយើងនៅ សល់ដល់ទៅ ៨ប្រកួតរហូតដល់ដាច់ខែធ្នូ ឆ្នាំ២០១៨នេះ ដោយត្រូវរកឲ្យបាន ២៤ពិន្ទុផងដែរ ដើម្បីបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៤ ក្នុង Premier League»

សូមបញ្ជាក់ផងដែរថា ក្រុមដែលឈ្នះពាន Premier League ច្រើនជាងគេមួយនេះ បានកំពុងតែឈរនៅចំណាត់ថ្នាក់ លេខរៀងទី៨ បណ្តោះអាសន្ន ដាច់៧ពិន្ទុក្នុងចំណាត់ថ្នាក់លេងវគ្គជម្រុះ UEFA Champions League។

បិសាចក្រហម Man Utd បានចាញ់ក្រុមការពារតំណែងជើងឯក Manchester City ក្នុងលទ្ធផល ១-៣ មុនកីឡាករទៅលេងឲ្យជម្រើសជាតិ ខណៈកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីបានច្រើនជាងគេរដូវកាលនេះ Anthony Martial អាចនឹងចូលលេងវិញបានពេល Man Utd ប៉ះក្រុមភ្ញៀវ Crystal Palace រាត្រីថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ក្នុងសប្តាហ៍ទី១៣ នៃ Premier League ជើងទី១៕