(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Romelu Lukaku នឹងអវត្តមានពីក្លឹបបិសាចក្រហម Manchester United ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ Juventus សម្រាប់ជើងទី២ នៃព្រឹត្តិការណ៍ UEFA Champions League ដោយសារបញ្ហា របួសសាច់ដុំ។

ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះ រកគ្រាប់ស៊ុតបញ្ចូលទីបាន៤គ្រាប់នៅរដូវកាលនេះ តែមិនទាន់ស៊ុតចូលចាប់តាំងពីពាក់កណ្តាលខែកញ្ញា និងបានខកខានការធ្វើដំណើរទៅកាន់ទឹកដី AFC Bournemouth ផងកាលពីថ្ងៃសៅរ៍ ព្រោះរបួសមិនជាសះស្បើយទាន់ពេល ក្នុងខណៈដែល Man Utd បានទទួលជ័យជម្នះ ២-១។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប៉ះ Juventus លោក Mourinho បានប្រាប់អ្នកយកព័ត៌មានថា ខ្សែប្រយុទ្ធបែលហ្ស៊ិកនឹងមិនលេងឡើយ ហើយក៏មិនដឹងថាតើគេអាចមានវត្តមានពេលជួបជាមួយ Man City ឬក៏យ៉ាងណាទេ។ ក្រុមរបស់លោកចាប់ផ្តើមរដូវកាលមិនបានល្អឡើយ តែបានត្រៀមគ្រប់គ្រាន់ក្នុងការវាយបកនៅជើងទី២នេះ។

សូមបញ្ជាក់ថា Juventus បានយកឈ្នះ ១-០ ទៅលើ Man Utd កាលពីជើងទី១ នៅកីឡដ្ឋាន Old Trafford ក៏ប៉ុន្តែលោក Allegri មិនបានមើលស្រាលលើក្រុមបិសាចក្រហម និងបានស្នើឱ្យកីឡាករលេងបានល្អជាងជើងទី១ ប្រសិនបើពួកគេចង់ទទួលបាន ៣ពិន្ទុម្តងទៀតនោះ។

ក្រុមជើងឯករបស់ប្រទេសអ៊ីតាលី Juventus លេងឈ្នះ ៣ប្រកួតជាប់ៗគ្នានៅពូល H ខណៈ Manchester United ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដោយមាន៥ពិន្ទុពីក្រោមក្រុមសេះបង្កង់៕