(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម នូវរូបភាពដ៏ស្រស់ស្អាតរបស់នារីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាបវរកញ្ញាខ្មែរ-អូស្ត្រាលី ឆ្នាំ២០១៧ ភ្ជាប់ជាមួយនឹងសារប៉ុន្មានឃ្លារ ដែលមានខ្លឹមសារថា នាងនឹងតំណាងឱ្យព្រះរាជណាចក្រកម្ពុជា ទៅប្រកួតក្នុងកម្មវិធី «Miss Global» 2018 ដែលមានប្រទេសវៀតណាម ជាម្ចាស់ផ្ទះ។

យោងតាមប្រភពហ្វេសប៊ុក «Team Cambodia» ថ្មីៗនេះ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីរូបសម្រស់ដ៏សោភា របស់កញ្ញា គង់ សិរីវរលក្ខណ៍ អមដោយខ្លឹមសារគួរឱ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា «Serey Vorlak kong នាងជា​បវរកញ្ញាខ្មែរ-អូស្រ្តាលី ឆ្នាំ 2017។ នាងបានជ្រើសរើសតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួត Miss Global 2018 ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ»

យ៉ាងណាមិញ ចំពោះការបង្ហើបឱ្យដឹងពីសំណាក់ប្រភពខាងលើនេះ គេនៅមិនទាន់ប្រាកដជាក់ច្បាស់នៅឡើយ ថាកញ្ញា គង់ សិរីវរលក្ខណ៍ ជាបេក្ខនារីតំណាងកម្ពុជា ពិតប្រកួតក្នុងកម្មវិធីនេះ ពិតប្រាកដឬយ៉ាងណា ខណៈការប្រកាសផ្លូវការពីស្ថាប័ន «Miss Global Cambodia» មិនទាន់មាននៅឡើយទេ។

ទោះយ៉ាងណាក្តី ទស្សនិកជនក្នុងបណ្តាញសង្គមភាគច្រើន បានបង្ហាញនូវមតិយោបល់គាំទ្រ ចំពោះការសម្រេចឱ្យកញ្ញា គង់ សិរីវរលក្ខណ៍ ធ្វើជាបេក្ខនារីតំណាងកម្ពុជា ទៅប្រកួតនៅវៀតណាម ក្នុងកម្មវិធីដ៏ធំមួយនេះ ព្រោះតារាម៉ូដែលស្រីកូនកាត់ខ្មែរ-អូស្ត្រាលីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ថែមទាំងមានសមត្ថភាព និង ចំណេះដឹងទូលំទូលាយផ្នែកភាសាទៀតផង៕